(សៀមរាប)៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសម្រុកមកកម្សាន្តខេត្តសៀមរាប ក្នុងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បន្ទាប់ពីខកខានរៀបចំពិធីរយៈពេល២ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩។

ក្នុងឱកាសថ្ងៃចូលឆ្នាំទី២នេះ គេសង្កេតឃើញមានប្រជាពលរដ្ឋមានការសប្បាយរីករាយ ទឹកមុខស្រស់ស្រាយ ញញឹមផ្តោះផ្តងសួរសុខទុក្ខគ្នា ដោយបង្ហាញពីក្តីនឹករលឹកបន្ទាប់ពីរងផលប៉ះពាល់ដោយសារតែវិបត្តិជំងឺកូវីដ-១៩ អស់រយៈពេលជាង២ឆ្នាំ ដោយអាក់ខានលេងល្បែងប្រជាប្រីយ៍ និងរាំសប្បាយផងដែរ។ ប្រាសាទអង្គរវត្ត ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ និងតែងមានទេសចរច្រើនសម្រុកមកលេង នាឱកាសបុណ្យទានសំខាន់ៗ។

នាឆ្នាំនេះដែរ រដ្ឋបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានរួមសហការរៀបចំឡើងវិញនូវ សៀមរាបសង្ក្រាន្ត នៅប្រាសាទចៅសាយទេវតា និងនៅក្នុងក្រុងសៀមរាប នៅថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០២២ ដើម្បីអបអរពិធិបុណ្យថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ៕