(សេអ៊ូល)៖ ពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីសមាជបក្សដ៏ធំនៅកូរ៉េខាងជើង បានបិទបញ្ចប់នោះ ប្រទេសកូរ៉េខាងត្បូងបានប្រកាសថា ខ្លួននឹងរៀបចំសមយុទ្ធបែបសង្គ្រោះ ដោយប្រើប្រាស់កងនាវា មុជទឹកនៅដែនសមុទ្រភាគខាងត្បូងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០១៦។

សមយុទ្ធដែលមានឈ្មោះថា Pacific Reach 2016 ខាងលើនេះ នឹងត្រូវចូលរួមដោយប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក, ជប៉ុន, អូស្ត្រាលី, សិង្ហបុរី, ម៉ាឡេស៊ី និងកូរ៉េខាងត្បូង ដែលនឹងប្រព្រឹត្តទៅរយៈពេល ១០ថ្ងៃចាប់ពីថ្ងៃទី ២៥ ខែឧសភា ខាងមុខនេះតទៅ។ ដោយឡែក ប្រទេសចំនួន ១២ផ្សេងទៀត ក្នុងនោះក៏មានចិន និងរុស្ស៊ីផងដែរ នឹងដើរតួជាអ្នកអង្កេតការណ៍។

គួរបញ្ជាក់ថា សមយុទ្ធខាងលើនេះ មានគោលដៅពង្រឹងសមត្ថភាពរបស់ប្រទេសដែលបានចូលរួមទាំងអស់ ក្នុងការប្រើប្រាស់នាវាមុជទឹកដើម្បី សង្គ្រោះគ្រោះមហន្តរាយផ្សេងក្នុងសមុទ្រទឹកជ្រៅ ប្រកបដោយប្រសិទ្ធភាព។ ទោះបីជាបែបនេះក្តី កូរ៉េខាងជើង ដែលទើបតែបញ្ចប់សមាជបក្សជាប្រវត្តិសាស្ត្រនោះ ពិតជាមិនអាចឈរនៅស្ងៀម ចាំមើលការធ្វើសមយុទ្ធដ៏គគ្រិកគគ្រេងបែបនេះ នៅក្បែររបងផ្ទះរបស់ខ្លួននោះឡើយ៕