(ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២នេះ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បាននិងកំពុងរៀបចំទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់ដុសជំរុញ និងជុំទី៤ នៅតាមតំបន់កម្សាន្តនានាទូទាំងប្រទេស។

ជាក់ស្តែងនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីបានរៀបចំឲ្យមានទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមកកំសាន្តសប្បាយនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំចំនួនពីរកន្លែង នៅត្រង់មុខរូបសំណាកលោកយាយដូនពេញ ឬមុខនាឡិកាធំខាងត្បូងវត្តភ្នំ ដោយមានវត្តមាន លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្រោមការណែនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតចុះទៅពិនិត្យទីតាំងបើកផ្ទាល់។

ក្នុងឱកាសនោះដែរ លោក កើត ឆែ ក៏បានអំពាវនាវដលប្រជាពលរដ្ឋ ដែលបានមកកម្សាន្តសប្បាយ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំខាងលើនេះ ហើយមិនទាន់បានចាក់វ៉ាក់សាំងដុសជំរុញនិងដុសទី៤ ឱ្យអញ្ជើញចូលទៅចាក់វ៉ាក់សាំងនៅទីតាំងដែលមានស្រាប់ចំនួន២ កន្លែងខាងលើ ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ក្រៅពីនេះលោកអភិបាលរង ក៏បានអំពាវនាវផងដែរឱ្យមានការចូលរួមអនុវត្តនូវវិធានការ៣កុំ៣ការពារឲ្យបានគ្រប់គ្នាចៀសវាងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជាជាបន្តទៀត។

សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី១៥ ខែមេសានេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ញើសារទៅរំលឹកដល់បប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យមានការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការការពារឲ្យបានគ្រប់គ្នា បន្ទាប់ពី សម្ដេចបានសង្កេតឃើញថា នៅក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិនេះ មានប្រជាពលរដ្ឋមួយចំនួនហាក់កំពុងសប្បាយភ្លេចខ្លួន មិនបានអនុវត្តនូវវិធានការការពារខ្លួនពីជំងឺកូវីដ១៩។

សម្ដេចបញ្ជាឲ្យអាជ្ញាធររាជធានីខេត្ត និងមន្ត្រីពាក់ព័ន្ធបង្កើតឲ្យមានទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគ្រប់តំបន់កំសាន្តទូទាំងប្រទេស៕