(តាកែវ)៖ នៅក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ គស.២០២២ ដោយសេចក្តីគោរពស្រឡាញ់ នឹករលឹក និងទឹកចិត្តកតញ្ញូ ចំពោះគុណបំណាច់យ៉ាងធំធេងរបស់លោកគ្រូ អ្នកគ្រូ ដែលធ្លាប់បង្ហាត់បង្រៀន ទូន្មានប្រៀនប្រដៅឲ្យមានចំណេះដឹង អតីតសិស្សអនុវិទ្យាល័យព្រៃទប់ឆ្នាំសិក្សា ១៩៩៩-២០០២ បានមូលមិតគ្នា ក្លាយជាកម្លាំងសាមគ្គីមួយ បង្កើតនូវកម្មវិធី «បុណ្យរំលឹកគុណគ្រូ» រៀបចំឡើងនៅបរិវេណវិទ្យាល័យព្រៃទប់ ក្នុងឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃទី២នៃថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។

ពិធីនេះមានការចូលរួមពីអាជ្ញាធរ លោកគ្រូអ្នកគ្រូ អតីតសិស្ស និងសិស្សានុសិស្ស សរុបចំនួនជាង១០០នាក់ ជាមួយបរិយាកាសប្រកបដោយក្តីរីករាយ។

លោក ឈិត សុធា តំណាងអតីតសិស្សអនុវិទ្យាល័យព្រៃទប់ឆ្នាំសិក្សា ១៩៩៩-២០០២ មានចំណាប់អារម្មណ៍ក្នុងឱកាសនោះថា មកដល់ពេលនេះមានរយៈពេល២០ឆ្នាំគត់ ដែលអតីតសិស្សវិទ្យាល័យព្រៃទប់ ឆ្នាំសិក្សា១៩៩៩-២០០២ បានចាក់ចេញពីសាលា ឃ្លាតពីលោកគ្រូអ្នកគ្រូ ដើម្បីទៅបន្តការសិក្សានៅវិទ្យា ល័យ មហាវិទ្យាល័យ និងប្រកបរបរចិញ្ចឹមជីវិតរៀងៗខ្លួន។
បើទោះបីជាឃ្លាតកាយក៏ពិតមែន តែក្នុងចិត្តរបស់អតីតសិស្សទាំងអស់ មិនដែលបំភ្លេចឡើយនូវគុណូបការៈ របស់លោកគ្រូ អ្នកគ្រូ ដែលជា «ឪពុកម្តាយទី២» បានខិតខំបង្ហាត់បង្រៀន ឲ្យមាននូវពុទ្ធិ ប្រកបដោយបញ្ញាញាណ ក្នុងការត្រិះរិះនូវរាល់កិច្ចការរកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ ប្រកបដោយគុណធម៌ និងសីលធម៌ល្អក្នុងសង្គមជាតិ។

អតីតសិស្សអនុវិទ្យាល័យទប់រូបនេះបន្តថា បើត្រឡប់ទៅ២០ឆ្នាំមុន បើទោះបីនៅពេលនោះ លោកគ្រូអ្នកគ្រូមានជីវភាពលំបាកយ៉ាងណាក្តី ក៏លោកទាំងអស់មិនដែលត្អូញត្អែរបន្តិចសោះឡើយ ក្នុងការចែករំលែកចំណេះដឹងដល់សិស្សប្រកបដោយស្មាមញញឹម សង្ឃឹមសិស្សរបស់ខ្លួននឹងមានអនាគតល្អ សម្រាប់គ្រួសារ និងសង្គមជាតិ។ ឆ្លើយតបនឹងការលះបង់យ៉ាងធំធេងរបស់លោកគ្រូ អ្នកគ្រូនេះហើយ ទើបជំរុញឲ្យក្រុមអតីតសិស្សអនុវិទ្យាល័យព្រៃទប់ឆ្នាំសិក្សា ១៩៩៩-២០០២ រួមគ្នាបង្កើតនូវកម្មវិធី «បុណ្យរំលឹកគុណគ្រូ» នេះឡើង។

ក្រុមអតីតសិស្សអនុវិទ្យាល័យព្រៃទប់ បានបង្ហាញនូវទឹកចិត្តសាមគ្គីភាព តាមរយៈការវិភាគទានថវិកា តាមលទ្ធភាពរៀងៗខ្លួន ធ្វើយ៉ាងណាអាចប្រារព្ធកម្មវិធីបុណ្យ ជួបជុំលោកគ្រូអ្នកគ្រូ ដើម្បីជាការសងអំណរគុណ «ឪពុកម្តាយទី២» បានមួយចំណែកណានោះ ទោះបីដឹងថាគុណនោះមិនអាចសងអស់ក្តី។

លោក សុធា បន្តថា វិភាគទានរបស់អតីតសិស្សទាំងអស់ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកបង្កើតកម្មវិធី «បុណ្យរំលឹកគុណគ្រូ» នេះឡើង ដោយថវិកាត្រូវចាត់ចែងសម្រាប់ការៀបចំអាហារសាមគ្គីជូនលោកគ្រូ អ្នកគ្រូ ទាំងលោកគ្រូអ្នកគ្រូ ដែលចូលនិវត្តន៍ និងលោកគ្រូអ្នកគ្រូជាច្រើននាក់ទៀត ដែលកំពុងបង្ហាត់បង្រៀនសិស្ស ក្នុងវិទ្យាល័យព្រៃទប់។ អ្វីដែលសំខាន់ជាងនេះទៀតនោះ ថវិកាទាំងនោះក៏ត្រូវរំលែកមួយចំណែកធំ សម្រាប់ឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូដែលបានចូលនិវត្តន៍ និងខ្លះមានជំងឺប្រចាំកាយផងដែរ ដើម្បីសម្រាលដល់ការលំបាក របស់ពួកគាត់បានមួយកម្រិត បើទោះថវិកាទាំងនោះមានចំនួនតិចតួចក្តី។
លោកគ្រូ ហ៊ឹម ស៊ាន តំណាងលោកគ្រូអ្នកគ្រូអនុវិទ្យាល័យព្រៃទប់ បានសម្តែងនូវក្តីរីករាយ ចំពោះអតីតសិស្សអនុវិទ្យាល័យព្រៃទប់ឆ្នាំសិក្សា ១៩៩៩-២០០២ និងជំនាន់ផ្សេងៗទៀត ដែលបាននឹករលឹកដល់លោកគ្រូ អ្នកគ្រូ រៀបចំនូវពិធីបុណ្យរំលឹកគុណគ្រូឡើង។

លោកគ្រូបានបន្តថា អ្វីដែលលោកគ្រូ អ្នកគ្រូសប្បាយចិត្តនោះ គឺពេលបានឃើញសិស្សរបស់ខ្លួនទាំងអស់ ក្លាយជាមនុស្សល្អ ជាកោសិកាមួយដ៏សំខាន់សម្រាប់ចូលរួមអភិវឌ្ឍន៍សង្គមជាតិ។
ក្នុងឱកាសនោះ អតីតសិស្សអនុវិទ្យាល័យព្រៃទប់ឆ្នាំសិក្សា ១៩៩៩-២០០២ បានពិសាអាហាសាមគ្គីជូបជុំជាមួយលោកគ្រូអ្នកគ្រូ ប្រកបដោយក្តីសប្បាយរីករាយ និងបានប្រគល់ប្រាក់ឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូចូលនិវត្តន៍ចំនួន ១៣នាក់៕