(ព្រៃវែង)៖ ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ ដែលចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រៃវែងដឹកនាំដោយលោកជា សុមេធីអភិបាលខេត្តព្រៃវែងនិងលោកស្រីព្រមទាំងមន្ត្រីរាជការមកងកម្លាំងប្រដាប់អាវុធ បានរៀបចំព្រឹត្តិការណ៍ ឆ្នាំថ្មីព្រៃវែង ឆ្នាំ២០២២ នៅសួនច្បារសម្ដេចជា ស៊ីម។

លោក ជា សុមេធី អភិបាលខេត្ត និងលោកស្រី ព្រមទាំងប្រតិភូអមដំណើរក្នុងខេត្តព្រៃវែង សូមសម្តែងក្តីសោមនស្សរីករាយ ដោយបានចូលរួមក្នុងពិធីបើកព្រឹត្តការណ៍ ឆ្នាំថ្មី ព្រៃវែង ឆ្នាំ២០២២ ដែលបានរៀបចំឡើងដើម្បីអបអរសាទរទទួលអំណរទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦។

នៅក្នុងឪកាសនោះ លោកអភិបាលខេត្តបានសម្តែងនូវកតញ្ញូតាធម៌ ដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវចក្ខុវិស័យ គោលនយោបាយដ៏ត្រឹមត្រូវទទួលបានជោគជ័យ។

ជាមួយគ្នានេះអភិបាលខេត្ត បានអញ្ជើញបងប្អូនប្រជាពលរដ្ឋ មកចូលរួមសប្បាយ រីករាយកំសាន្ត នូវព្រឹត្តការណ៍ឆ្នាំថ្មីព្រៃវែង ឱ្យបានច្រើនកុះករ និងត្រូវចូលរួមរក្សាអនាម័យបរិស្ថាន ឱ្យបានស្អាត ព្រមទាំងត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានគ្រប់គ្នា និងសំណូមពរបន្ថែមដល់គណកម្មាការ និងអនុគណកម្មាការរៀបចំព្រឹត្តការណ៍ឆ្នាំថ្មី ព្រៃវែង ជាមួយអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមសម្របសម្រួលលើការងារទាំងអស់នេះ ជាពិសេស ការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងវិធានការណ៍ ៣ការពារ ៣កុំ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៃខេត្តព្រៃវែងនេះ ឱ្យបានល្អប្រសើរ៕