(កណ្ដាល)៖ ព្រឹត្តិការណ៍សង្ក្រាន្តស្រុកស្អាងដែលបានចាប់ផ្ដើមឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២នេះ ដែលប្រព្រឹត្តទៅចំនួន៣ថ្ងៃនៅឯវត្តស្អាងភ្នំ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ដើម្បីញ៉ាំងឲ្យព្រឹត្តិការណ៍សង្ក្រាន្តស្រុកស្អាងកាន់តែមានភាពអធឹកអធមឡើង ក្រោមការរៀបចំល្បែងប្រជាប្រិយច្រើនបែបច្រើនយ៉ាង ការប្រគុំតន្ត្រី ជាដើម ដែលទាក់ទាញយុវជនមកលេងកម្សាន្តយ៉ាងច្រើនកុះករ។

ជាមួយគ្នានេះដែរ មុននឹងព្រឹត្តិការណ៍នាពេលយប់មកដល់ នាពេលព្រឹកថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០២២នេះ រដ្ឋបាលស្រុកស្អាងក៍បានរៀបចំទទួលទេវតាឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ នៅក្នុងបរិវេណវត្តស្អាងភ្នំដែលដឹកនាំដោយលោកញឹម វណ្ណឌិន អភិបាលស្រុកស្អាង ,លោកឃិត ផល្លា នាយករដ្ឋបាលស្រុក ,លោកជឺ គឹមហៃ អភិបាលរងស្រុក ព្រមទាំងមន្ត្រីរាជការជាច្រើននាក់ផ្សេងទៀត ។

ស្ថិតក្នុងឱកាសនេះ លោកញឹម វណ្ណឌិន បានឡើងថ្លែងពីគយណបំណាច់នៃសន្តិភាពទើបយើងអាចបង្កើតពិធីសង្ក្រាន្តនេះបាន ហើយពិសេសក្រោមការដឹកនាំដ៍ឈ្លាសវៃរបា់សម្ដឹចតេជោហ៊ុនសែន ដែលបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃទូទាំងប្រទេស បង្កើតភាពស៊ាំបានយ៉ាងមានប្រសិទ្ធភាព ទើបស្រុកទេសមានឱកាសនេះអាចរៀបចំពិធីសង្ក្រាននេះបានដោយគ្មានភិតភ័យអ្វីឡើយ។

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ បានទស្សនា កម្សាន្តសប្បាយក្នុងពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីនេះ រដ្ឋបាលស្រុកស្អាងបានរៀបចំការលេងល្បែងប្រជាប្រិយ និងការតុបតែងអមទៅដោយភ្លើងពណ៌ជាច្រើន ដែលបានធ្វើឱ្យមិត្តភាពនៅក្នុងស្រុកស្អាង មានសភាពនិងភាពទាក់ទាញជូនភ្ញៀវជាតិ និងអន្តរជាតិមកអញ្ជើញចូលរួមទស្សនាកំសាន្តនាថ្ងៃទី១៤-១៥-១៦ ខែមេសាខាងមុខនេះផងដែរ។

ទន្ទឹមនឹងការប្រារព្ធនូវពិធីនេះដែរ លោកអភិបាលស្រុក ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយអប់រំដល់បងប្អូនប្រជាពលរដ្ឋ ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលអញ្ជើញមកទស្សនាកម្សាន្តសប្បាយរីករាយក្នុងឱកាសពិធីបុណ្យសង្ក្រាន្តស្រុកស្អាង ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល ពិសេសត្រូវពាក់ម៉ាស់អោយបានគ្រប់គ្នា ដើម្បីរួមគ្នាបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ធ្វើយ៉ាងណាបន្ទាប់ពីបញ្ចប់នៅព្រឹត្តិការណ៍សង្ក្រាន្តនេះ កុំឱ្យមានប្រជាពលរដ្ឋមានការឆ្លងរីករាលដាលដោយជំងឺកូវីដ-១៩ឡើយ៕