(ភ្នំពេញ)៖ ថ្ងៃទីមួយនៃឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មានភ្ញៀវទេសចរជាង៨៦ម៉ឺននាក់ បានចេញដើរទស្សនាទូទាំងប្រទេស។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រីបានថ្លែងថា ភ្ញៀវសរុបមានចំនួន៨៦២,៨៩៧នាក់ ក្នុងនោះភ្ញៀវជាតិ៨៥៤,៦៥៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៨,២៤៣នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តកំពង់ឆ្នាំង ១៦០’៧៤០ នាក់
* ខេត្តបាត់ដំបង ១០៧,២៥៤ នាក់
* ខេត្តសៀមរាប ១០៧,០១៤ នាក់
* ខេត្តពោធិ៍សាត់ ៨៣,៨៩៦ នាក់
* ខេត្តកំពង់ចាម ៥៧,៤៣០ នាក់
* ខេត្តព្រៃវែង ៥៦,០០២ នាក់
* ខេត្តកំពង់ស្ពឺ ៤៩,២៨៨ នាក់
* រាជធានីភ្នំពេញ ៣៨,៩៧២ នាក់
* ខេត្តបន្ទាយមានជ័យ ៣៧,៣១៦ នាក់។

ចរន្តភ្ញៀវនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី១នេះ មានសភាពផុសផុលខ្លាំង និងមានចំនួនច្រើនជាងពេលមិនទាន់មានការកើតឡើងនូវជំងឺកូវីដ-១៩ នៅឆ្នាំ២០១៩ ទៅទៀត។ ជាក់ស្តែង តួលេខខាងលើមានការកើនឡើងប្រមាណ៥.៦៨% ធៀបនឹងថ្ងៃចូលឆ្នាំថ្ងៃទី១ កាលពីឆ្នាំ២០១៩ ដែលមានចំនួន៨១៦.៤៦៩នាក់។

ចរាចរក្នុងរាជធានីភ្នំពេញចាប់ផ្តើមសភាពស្ងប់ស្ងាត់ខ្លាំងនាថ្ងៃចូលឆ្នាំទី១នេះ ប៉ុន្តែប្រជាពលរដ្ឋភ្នំពេញមួយចំនួនបានរៀបចំគ្រឿងរណ្តាប់ទទួលទេព្តាឆ្នាំថ្មីនាពេលព្រឹក និងដើរកម្សាន្តនៅតាមគោលដៅក្នុងរាជធានីផ្ទាល់ ដូចជានៅសង្រ្កាន្តវត្តភ្នំ តាមផ្សារទំនើប រួមជាមួយគោលដៅទេសចរណ៍ និងកម្មវិធីសង្រ្កាន្តនៅជុំវិញភ្នំពេញ ពិសេសនៅខេត្តកណ្តាល។ ពួកគាត់ភាគច្រើន នឹងចាប់ផ្តើមចេញដំណើរកម្សាន្តទៅតាមគោលដៅនានានៅតាមខេត្តចាប់ពីថ្ងៃស្អែក និងអាចបន្តរហូតដល់ចុងសប្តាហ៍។

ការរៀបចំកម្មវិធីសង្រ្កាន្តនៅតាមគោលដៅសំខាន់ៗ ដូចជានៅរាជធានីភ្នំពេញ សៀមរាប បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កំពង់ឆ្នាំង ពោធិ៍សាត់ កណ្តាល រតនគិរី និងគោលដៅផ្សេងៗទៀតបាននិងកំពុងទាក់ទាញភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ទាំងក្នុងខេត្ត និងមកពីតំបន់ជុំវិញឲ្យមកកម្សាន្តយ៉ាងច្រើនកុះករ។

ក្រៅតែពីការដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍ និងកម្មវិធីសង្រ្កាន្ត លោកក៏សង្កេតឃើញបងប្អូនប្រជាពលរដ្ឋនៅតាមភូមិស្រុកនានា ទាំងក្មេងៗ យុវជន និងពុកម៉ែមាមីង បាននាំគ្នាជួបជុំលេងល្បែងកម្សាន្ត ច្រៀងរាំសប្បាយ និងលេងល្បែងប្រជាប្រិយនានា។

កម្លាំងមានសមត្ថកិច្ច ទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានី-ខេត្តក្រោមការដឹកនាំរបស់អភិបាលរាជធានីខេត្ត បានចាត់តាំងកកម្លាំងប្រចាំការ និងសម្រួលចរាចរទាំងនៅតាមដងផ្លូវជាតិ ទីកន្លែងប្រារព្វកម្មវិធីសង្រ្កាន្ត និងគោលដៅសំខាន់ៗ ចាប់ពីដើមសប្តាហ៍រហូតដល់ចុងសប្តាហ៍នេះផងដែរ។

ចំពោះខេត្តដែលបានដកចេញកាតព្វកិច្ចនៃការពាក់ម៉ាស់ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរភាគច្រើនបានជ្រើសយកជម្រើសមិនពាក់ម៉ាស ប៉ុន្តែខេត្តដែលមិនទាន់ដកចេញកតព្វកិច្ចពាក់ម៉ាស់ ហើយមានរៀបចំកម្មវិធីសង្រ្កាន្ត ការជួបជុំបាញ់ទឹក ប៉ាតម្សៅ និងការប្រគុំតន្រី លោកសង្កេតឃើញថា មានបងប្អូនតិចតួចណាស់ដែលបានពាក់ម៉ាស់។ ដោយឡែក ចំពោះភ្ញៀវដែលដើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ លោកសង្កេតឃើញថា ការគ្រប់គ្រងចរន្តភ្ញៀវមានភាពល្អប្រសើរច្រើន ពិសេសលើការអនុវត្ត SOP ទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩៕

 

 

 

បន្ទាយមានជ័យ

ព្រៃវែង

កំពង់ស្ពឺ

ក្រចេះ

ពោធិ៍សាត់