(បន្ទាយមានជ័យ)៖ ល្ងាចថ្ងៃ ទី១៤ ខែមេសា ឆ្នាំ ២០២២ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណេីរដោយក្រុមការងារបានចូលរួមកម្មវិធីកំសាន្តសប្បាយអបអរសារទរអំណរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយប្អូនៗ ក្មួយៗ ចៅៗ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសដ៏ស្និទស្នាលនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន នាំយកសន្តិភាពសម្រាប់យេីងទាំងអស់គ្នា មានសន្តិភាព ទេីបសល់ជិវិត មានជិវិតទេីបមានសេចក្តីសង្ឃឹមនិងការអភិវឌ្ឍ ហេីយភាពសប្បាយរីករាយនិងការអភិវឌ្ឍអាចកេីតមានតែក្នុងប្រទេសដែលមានសន្តិភាព ។

ក្នុងឱកាសដ៏សែនរីករាយស្និទស្នាលនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងអំណរគុណ និងកោតសសេីរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានបង្កលក្ខណឱ្យប្រជាពលរដ្ឋបានសប្បាយរីករាយ ទទួលទេវតាឆ្នាំថ្មី នាំសុខសិរីសួស្តីគ្រប់ក្រុមគ្រួសារ និងសូមអំពាវនាវដល់បងប្អូនទាំងអស់បន្តស្រឡាញ់សន្តិភាព ថែរក្សាសន្តិភាព សុខភាព ឱ្យបានល្អប្រសេីរដេីម្បីបន្តក្តីសង្ឃឹម និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីបន្តរីកវម្រេីនទៅមុខបានឆាប់រហ័ស និងមិនត្រូវទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននាំទុក្ខទោសដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕