(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យនៅទូទាំងប្រទេស នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២នេះ នៅតែបន្ដដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋដូចធម្មតា បើទោះបីពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលត្រូវឈប់សម្រាកយ៉ាងណាក្ដីនោះ។

ក្រៅពីមិនឈប់សម្រាកហើយនោះ ទីតាំងដែលត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ក៏ត្រូវបានបន្ថែមជាងសព្វមួយថែមទៀតផង ជាពិសេសនៅតាមវត្តអារ៉ាម និងកន្លែងកម្សាន្ដជាដើម សំដៅសម្រួលដល់ប្រជាពលរដ្ឋដែលមានតម្រូវការចាក់វ៉ាក់សាំង។ នេះគឺជាគិតគូរយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំ៉ពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃនេះថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ ក្រុមគ្រូពេទ្យនៅតែបន្ដចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដូចធម្មតា។ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺបានបន្ថែមនៅតាមទីតាំងវត្តអារ៉ាមទៀតផង។

បើតាមលោកស្រី ប្រធានគណៈកម្មការចំពោះកិច្ច ក្នុងថ្ងៃនេះប្រជាពលរដ្ឋ ក៏បានទៅទទួលយកនូវការចាក់វ៉ាក់សាំងដូចធម្មតាដដែល។ លោកស្រី ឱ វណ្ណឌីន ក៏បានបង្ហាញពីការស្ញប់ស្ញែង និងអរគុណចំពោះការលះបង់របស់ក្រុមគ្រូពេទ្យ ដោយថ្ងៃចូលឆ្នាំ ក៏នៅតែបន្ដផ្ដល់សេវាចាក់វ៉ាក់សាំងកូវីដ១៩ ដើម្បីសុខភាពប្រជាពលរដ្ឋរស់នៅធម្មតា តាមប្រក្រតីភាពថ្មីបានយូរនិរន្ដរៀងតទៅ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «សូមអរគុណច្រេីនអ្នកគ្រូ លោកគ្រូពេទ្យនូវការលះបង់ដ៏ធំធេងនេះ ដោយថ្ងៃចូលឆ្នាំក៏នៅបន្តផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ ដេីម្បីសុខភាពប្រជាជននុងការរស់នៅធម្មតាតាមប្រក្រតីភាពថ្មីបានយូរនិរន្តរៀងតទៅ។ សូមជូនពរអ្នកគ្រូ លោកគ្រូពេទ្យទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមទទួលបាននូវពរជ័យ សិរីសួស្តី វិបុលសុខគ្រប់ប្រការ សុខភាពល្អ អាយុយឺនយូរ ចម្រុងចម្រេីនក្នុងក្រុមគ្រួសាររៀងៗខ្លួន»។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៨៥០,៩៤៨នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២៧៣,៤៥៩នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣០,៧២៧នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៤៦,៦៨១នាក់
៤៖ អាយុ៥ឆ្នាំ ៣៧៩,២៧២នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៣២០,៨១២នាក់៕