(ភ្នំពេញ)៖ បើទោះបីមិនចេញទៅកម្សាន្តនៅតាមបណ្តាខេត្ត ឬមិនមានស្រុកកំណើតតាមបណ្តាខេត្ត ដើម្បីទៅសម្រាកលំហែក្នុងឱកាសបុណ្យចូលឆ្នាំថ្មីយ៉ាងណាក្តី តែអ្នករាជធានីភ្នំពេញ នៅតែអាចជួបលេងកម្សាន្តយ៉ាងសប្បាយរីករាយនៅសង្ក្រាន្តវត្តភ្នំ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ។

ដើម្បីផ្តល់ភាពសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរៀបចំសង្ក្រាន្តវត្តភ្នំ ទីតាំងបូជនីយដ្ឋានប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយមានរៀបចំការប្រគំតន្ត្រីសម្រាប់រាំលេងកម្សាន្ត ការលេងល្បែងប្រជាប្រិយនានា ព្រមទាំងមានការតាំងពិព័រណ៍ផលិតផលមួយចំនួនផងដែរ។

នៅថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ នាថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២នេះ គ្រាន់តែទ្វារសង្ក្រាន្តបើកភ្លាម គេបានសង្កេតឃើញប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញយ៉ាងច្រើនកុះករទៅលេងកម្សាន្ត។

ប្រជាពលរដ្ឋដែលបានទៅលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ ខ្លះបាននាំក្រុមគ្រួសាររាំលេង និងខ្លះទៀតចូលរួមលេងល្បែងប្រជាប្រិយនានារបស់ខ្មែរប្រកបដោយក្តីសោមនស្សរីករាយជាពន់ពេក។ ប្រជាពលរដ្ឋខ្មែរទាំងអ្នកនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បានខកខានការជួបជុំលេងកម្សាន្តក្នុងពិធីជាប្រពៃណីខ្មែរនេះអស់រយៈពេលពីរឆ្នាំមកហើយដោយសារការរាតត្បាតជំងឺកូវីដ១៩។ ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនាឆ្នាំនេះ ប្រជាពលរដ្ឋដែលចូលរួមលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ មានចំនួនច្រើនកុះករដោយមានការប៉ាន់ស្មានថា មានចំនួនរហូតដល់ទៅរាប់ពាន់នាក់។ អ្វីដែលកត់សម្គាល់ថែមទៀតនោះ តាមរយៈស្នាមញញឹមដ៏ពព្រាយលើផ្ទៃមុខបានបង្ហាញថា ប្រជាពលរដ្ឋពិតជារីករាយខ្លាំងណាស់ជាមួយការបានលេងកម្សាន្តឡើងក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ។

ក្រៅតែពីការលេងល្បែងប្រជាប្រិយផ្សេងៗហើយនោះ នៅខាងក្រៅបរិវេណសង្ក្រាន្ត គេក៏បានឃើញប្រជាពលរដ្ឋមួយចំនួនលេងបាញ់ទឹកជាមួយទិដ្ឋភាពដ៏សែនរីករាយផងដែរ។ រហូតដល់ពេលរាត្រីប្រជាពលរដ្ឋនៅតែបន្តដើរលេង និងរាំលេងកម្សាន្តនៅក្នុងបរិវេណសង្ក្រាន្តវត្តភ្នំ។

ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋ គេបានសង្កេតឃើញថា កម្លាំងសមត្ថកិច្ច សន្តិសុខ និងអាជ្ញាធរក្នុងខណ្ឌដូនពេញ ក៏ត្រូវបានដាក់ពង្រាយ ដើម្បីគ្រប់គ្រងនៅបរិវេណនោះ។ តែទោះជាយ៉ាងណាពេញមួយថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ នៅសង្ក្រាន្តវត្តភ្នំ មិនមានបាតុភាពណាមួយកើតឡើងរំខានដល់ការលេងសប្បាយរបស់ប្រជាពលរដ្ឋនោះឡើយ។

ការជួបជុំលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនាឆ្នាំនេះ នឹងមិនអាចធ្វើទៅបាននោះឡើយ ប្រសិនបើជំងឺកូវីដ១៩នៅបន្តរាតត្បាត។ តែជាក្តីអំណរជាពន់ពេកដែលជំងឺឆ្លងតាមផ្លូវដង្ហើមមួយនេះ ត្រូវបានថមថយទៅវិញ បន្ទាប់ពីការប្រយុទ្ធប្រឆាំងដ៏ស្វិតស្វាញរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ក្រោមការដឹកនាំប្រកបដោយការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ជាពិសេសការដាក់ចេញប្រតិបត្តិការក្តៅលើការងារចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ បានសម្តែងការដឹងគុណ និងអរគុណជាអនេកចំពោះកិច្ចប្រឺងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងសេនាធិការទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ការពារអាយុជីវិតប្រជាពលរដ្ឋទូទាំងប្រទេស ហើយទីបំផុតធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋមានប្រក្រតីភាពឡើងវិញ ព្រមទាំងអាចការប្រារព្ធពិធីជួបជុំជាប្រពៃណីខ្មែរដ៏យូរលង់ឡើងវិញបាន៕