(កណ្ដាល)៖ ព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល ដែលនឹងចាប់ផ្ដើមឡើងនៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២នេះ ដែលមានភាពល្បីកក្រើករញ្ជួយដោយមាននូវតារាចំរៀងដ៏ល្បីល្បាញនៅកម្ពុជា គឺលោក ខេមរៈ សិរីមន្ត, លោក ខេម, កញ្ញ៉ា តន់ ចាន់សីមា និងបណ្ដាតារាចម្រៀងល្បីៗ ជាច្រើននាក់ផ្សេងទៀត នឹងរួមគ្នាចូលមកច្រៀងកំសាន្តដើម្បីញ៉ាំងឱ្យព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល នាយប់ថ្ងៃទី ១៤នេះ ល្បីកក្រើករញ្ជួយក្រុងតាខ្មៅតែម្ដង។

ជាមួយគ្នានេះដែរ មុននឹងព្រឹត្តិការណ៍នាពេលយប់មកដល់ នាពេលព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកណ្ដាល ក៍បានរៀបចំទទួលទេវតាឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ដែលដឹកនាំដោយលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គង់ សោភ័ណ អភិបាលខេត្តកណ្ដាល ព្រមទាំងមានការចូលរួមពីសំណាក់មន្ត្រីរាជការខេត្តកណ្ដាលជាច្រើននាក់ផ្សេងទៀតផងដែរ។

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ បានទស្សនា កម្សាន្តសប្បាយក្នុងពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីនេះ រដ្ឋបាលខេត្តកណ្ដាលបានរៀបចំការលេងល្បែងប្រជាប្រិយ សួនកម្សាន្ត រូបខ្លា និងការតុបតែងអមទៅដោយភ្លើងពណ៌ជាច្រើន ដែលបានធ្វើឱ្យមិត្តភាពនៅក្នុងក្រុងតាខ្មៅ មានភាព និងភាពទាក់ទាញជូនភ្ញៀវជាតិ និងអន្តរជាតិមកអញ្ជើញចូលរួមទស្សនាកំសាន្តនាថ្ងៃទី១៤-១៥-១៦ ខែមេសាខាងមុខនេះផងដែរ។

ទន្ទឹមនឹងការប្រារព្ធនូវពិធីនេះដែរ លោកអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយអប់រំដល់បងប្អូនប្រជាពលរដ្ឋ ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលអញ្ជើញមកទស្សនាកម្សាន្តសប្បាយរីករាយក្នុងឱកាសពិធីបុណ្យសង្ក្រាន្តខេត្តកណ្ដាល ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល ពិសេសត្រូវពាក់ម៉ាស់ឱ្យបានគ្រប់គ្នា ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ធ្វើយ៉ាងណាបន្ទាប់ពីបញ្ចប់នៅព្រឹត្តិការណ៍សង្ក្រាន្តនេះ កុំឱ្យមានប្រជាពលរដ្ឋមានការឆ្លងរីករាលដាលដោយជំងឺកូវីដ១៩ឡើយ៕