(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃកម្លាំងសមត្ថកិច្ចក្រុងភ្នំពេញ បានថ្លែងឲ្យដឹងថា នៅខណៈពេលម៉ោង ១៩៖៤០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ អ្នកចូលរួមធ្វើយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» ចំនួន៦នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន បានដោះលែងវិញហើយ បន្ទាប់ពីឲ្យធ្វើសន្យាមួយចំនួននៅចំពោះមុខសមត្ថកិច្ច។

មន្រ្តីជាន់ខ្ពស់នៃកម្លាំងសមត្ថកិច្ចក្រុងភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីសាកសួរនាំធ្វើកំណត់ហេតុ និងការទទួលកំហុសរបស់អ្នកទាំង៦ ព្រមទាំងយល់ព្រមទទួលការអប់រំ និងធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ចប​ញ្ឈប់ការធ្វើសកម្មភាពបន្តទៀត។ រហូតមកដល់ពេលនេះ មនុស្សចំនួន៨នាក់ ក្នុងនោះមាន៦ជនជាតិខ្មែរ និងជនបរទេស២នាក់ ត្រូវបានសមត្ថកិច្ចសម្រេចធ្វើការដោះលែងទៅវិញហើយ។

ជនបរទេសទាំងពីរនាក់ គឺជាមន្រ្តីទីប្រឹក្សាផ្នែកច្បាប់របស់អង្គការលីកាដូ ហើយបានចុះកិច្ចកុងត្រាបម្រើ ការងារនៅលីកាដូរយៈពេលមួយឆ្នាំ។ បុរសជាជនជាតិអាល្លឺម៉ង់ និងស្រី ជាជនជាតិ ស៊ុយអែត។

សូមជំរាបថា អ្នកពាក់ព័ន្ធនឹងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅទាំងនេះ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសួរនាំ បន្ទាប់ពីពួកគេបានស្លៀកពាក់ខ្មៅដូចការ ប្រកាសហើយទាមទារឱ្យដោះលែង មន្រ្តីសិទ្ធិមនុស្សអាដហុក ៤នាក់ និងអគ្គលេខាធិការរងគ.ជ.បម្នាក់ ដែលត្រូវបាន ACU ឃាត់ខ្លួន ក្រោមការចោទប្រកាន់សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី៕