(ភ្នំពេញ)៖​ ការប្រកួតប្រជែងពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា លើកទី២ ឆ្នាំ២០១៦ ឬ Camboia ICT Awards 2016 រហូតមកដល់ពេលនេះ មានក្រុមហ៊ុនចំនួន៨ហើយ បានដាក់ពាក្យចូលរួមប្រកួតប្រជែង បន្ទាប់ពីប្រកាសបើកការប្រកួតជែងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះ។

ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានរៀបចំការប្រកួតប្រជែងថ្នាក់ជាតិនេះឡើង ដើម្បីផ្តល់ឱកាស ក្នុងការជំរុញនវានុវត្តន៍ (ការស្វែងរកគំនិតច្នៃប្រឌិតថ្មី) ក្នុងវិស័យ ICT ក៏ដូចជាលើកទឹកចិត្ត លើការបង្កើតគំនិតថ្មីៗ ក្នុងចំណោមក្រុមហ៊ុនឯកជន និងស្ថាប័នពាក់ព័ន្ធនឹងវិស័យ ICT នៅកម្ពុជា។

លោក ស៊ុន រ៉ាពីដ អនុប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលជាអ្នកចូលរួមរៀបចំការប្រកួតប្រជែងថ្នាក់ជាតិនេះ បានថ្លែងបញ្ជាក់ថា រហូតមកដល់ពេលនេះ មានក្រុមហ៊ុនចំនួន ៨ហើយបានដាក់ពាក្យចូលរួមប្រកួតប្រជែង ក្នុងនោះក្រសួងចង់ឲ្យមានអ្នកចូលរួមប្រកួតប្រជែងចំនួន២៥។ ការបើកទទួលពាក្យចូលរួមប្រកួតប្រជែងនេះ រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦។

ការទទួលពាក្យចូលរួមប្រកួតប្រជែង ចាប់ផ្តើមនៅថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ហើយការប្រកាសលទ្ធផលជ្រើសរើស វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ខណៈប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦។ ក្នុងការប្រកួតពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យាឆ្នាំ២០១៦នេះ អង្គភាពព័ត៌មាន Fresh News ក៏បានចូលរួមជា Media sponsor ផងដែរ។

សម្រាប់ការទាញយក សំណុំបែបបទចូលរួមប្រកួតប្រជែង អាចរកបានតាមរយៈគេហទំព័រ www.cambodiaictaward.com ដោយផ្ទាល់ រួចបំពេញឈ្មោះតាមរយៈទំរង់ពាក្យ អេឡិចត្រូនិក រួចផ្ញើ URL វិដេអូលើ Youtube មុននឹងចុចប៊ូតុង Submit។ បេក្ខជន/ ក្រុមហ៊ុន ត្រូវដាក់សំណុំបែបបទចូលរួម កម្មវិធីប្រកួតប្រជែង និងឯកសារពាក់ព័ន្ធដទៃទៀត ក្នុងស្រោមសំបុត្របិទជិតដោយដៃ ជាមួយត្រាបញ្ជាក់ក្រុមហ៊ុនរបស់សាម៉ីខ្លួន ហើយផ្ញើទៅកាន់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ឬអ៊ីម៉ែលអាស័យដ្ឋាន info@cambodiaictaward.com