(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានផ្ដួចផ្ដើមនិមន្តសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជាគណៈថ្នាក់ឯក និងជាឧត្តមប្រឹក្សាគណៈមហានិកាយ និងព្រះអនុគណខណ្ឌបឹងកេងកង និងជាព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម និងរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ ដល់មន្ត្រីរាជការក្រោមឱវាទ ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ស្ថិតនៅសាលាខណ្ឌ នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។

ឆ្លៀតក្នុងឱកាសនោះ លោក ធឹម សំអាន បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ក្នុងឱកាសចូលឆ្នាំថ្មីនេះ ត្រូវបន្ដកិច្ចសហការរួមគ្នាបំពេញភារកិច្ច ដើម្បីបង្កើនការប្រុងប្រយ័ត្នការការពារសន្ដិសុខសុវត្ថិភាពក្នុងមូលដ្ឋានឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្រៅពីលោកអភិបាលខណ្ឌបឹងកេងរូបនេះ បានក្រើនរំលឹកឱ្យចូលរួមកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ តាមរយៈការបន្តអនុវត្តវិធានការផ្សេងៗរបស់ក្រសួងសុខាភិបាល ពិសេសវិធានការ «៣កុំ និង៣ការពារ ហើយនឹង២ចូលរួម» របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ *៣ការពារ (១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ)។

លោក ធឹម សំអាន សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ពិសេសទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព្រះនាមកិរិណីទេវី សូមព្រះអង្គតាមជួយថែរក្សាអភិបាល ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ ចំពោះប្រធានក្រុមប្រឹក្សា គណៈអភិបាល គណៈនាយក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចៅសង្កាត់ទាំង៧ មេភូមិ ប្រធាន-អនុប្រធានការិយាល័យជុំនាញ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខណ្ឌបឹងកេងកង សូមទទួលបានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ បន្តដឹកនាំ និងអភិវឌ្ឍន៍ខណ្ឌឲ្យកាន់រីកចម្រើន និងលូតលាស់គ្រប់វិស័យ ក្រោមដំបូលនៃសន្តិភាព ហើយសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕