(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងាររៀបចំទីតាំងប្រារព្ធសង្រ្កាន្តឆ្នាំថ្មី ២០២២ ក្នុងក្រុងកំពង់ចាម។

តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ឆ្នាំ២០២២នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានរៀបចំទីតាំងប្រារព្ធ «សង្រ្កាន្តកំពង់ចាម» ឆ្នាំថ្មី ដើម្បីចូលរួមអបអរសារទរបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ និងការរៀបចំវឌ្ឍនភាពនៃសួនកុមារសន្តិភាព ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិមកលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

មន្ត្រីដដែលបានបញ្ជាក់ថា រយៈពេលពីរឆ្នាំកន្លងទៅ ដែលរដ្ឋបាលខេត្តកំពង់ចាម ក៏ដូចជាបណ្ដាខេត្តទូទាំងប្រទេសអាក់ខានមិនបានរៀបចំឲ្យប្រជាពលរដ្ឋ បានជួបជុំនៅទីសាធារណៈដើម្បីអបអរកម្សាន្តសប្បាយរីករាយ ក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំ ដោយសារតែការរាលដាលនៃជំងឺកូវីដ១៩។ ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះ ដោយប្រជាពលរដ្ឋបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩បានរួចរាល់ ទើបធ្វើឲ្យជំងឺឆ្លងនេះបានធូរស្បើយឡើងវិញ។ ប្រការនេះ ធ្វើឲ្យរដ្ឋបាលខេត្តកំពង់ចាមមានឱកាសដើម្បីរៀបចំដាក់ភ្លើងលម្អ និងសោភ័ណភាពតាមសួនច្បារផ្សេងៗទៀតដើម្បីឱ្យភ្ញៀវជាតិ-អន្តរជាតិ បានជួបជុំនៅទីសាធារណៈដើម្បីកម្សាន្តសប្បាយ ក្នុងពេលបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២២នេះ៕