(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំនាយទាហាន នាយទាហានរង ចុះសួរសុខទុក្ខ សំណេះសំណាល និងនាំថវិកា សម្ភារ ប្រគល់ជូនជាការលើកទឹកចិត្ត ដល់កងទ័ពដែលកំពុងឈរជើងការពារតាមព្រំដែន កម្ពុជា-ថៃ កម្ពុជា-ឡាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

នៅក្នុងឱកាសនេះដែរ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំយោធភូមិភាគទី៤ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ដែលតែងតែគិតគូរពីសុខទុក្ខនិងការរស់នៅរបស់កងទ័ព ពិសេសនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។

លោកឧត្តមសេនីយ៍ទោ មេបញ្ជាការខេត្ត បានណែនាំដល់នាយនិងពលទាហានទាំងអស់ត្រូវគោរពឱ្យបានខ្ជាប់ខ្លួននូវបទបញ្ជាររបស់កងទ័ព វិន័យរបស់កងទ័ព ពិសេសត្រូវយកចិត្តទុកដាក់ការពារតាមខ្សែរបន្ទាត់ព្រំដែនរបស់យើងឱ្យបានល្អ និងត្រូវទប់ស្កាត់គ្រប់ប្រភេទ រាល់បទល្មើសនៅតាមព្រំដែន ពិសេសទប់ស្កាត់ការជួញដូរគ្រឿងញៀន និងទប់ស្កាត់ការឆ្លងដែនខុសច្បាប់របស់បស់ជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានឧបត្ថម្ភថវិកាដល់វរសេនាតូចលេខ១ ចំនួន៥០០,០០០រៀល វរសេនាតូចលេខ២ ចំនួន៥០០,០០០រៀល ផ្នែកសឹករងជាំក្សាន្ដ ចំនួន៥០០,០០០រៀល ផ្នែកសឹករងឆែប ចំនួន៥០០,០០០រៀល និងសម្ភារៈមួយចំនួនផងដែ និងបានរៀបចំលេងល្បែងប្រជាប្រិយ រាំលេងកម្សាន្ដអបអរសារទរបុណ្យចូលឆ្នាំថ្មីផងដែរ៕