(ក្រចេះ)៖ កម្លាំងនគរបាលស្រុកស្នួល សហការជាមួយប៉ុស្ដិ៍ឃុំឃ្សឹម ឃាត់ខ្លួនបុរសម្នាក់ ជាប់ពាក់ព័ន្ធអំពើឃាតកម្មវាយសម្លាប់ប្រពន្ធ របស់ខ្លួន នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ស្ថិត ចំណុច​ភូមិស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា បុរសជនសង្ស័យឈ្មោះ ហ៊ឹន ណាន អាយុ៤១ឆ្នាំ ស្នាក់នៅភូមិស្នួលកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បានប្រើអំពើហិង្សាទៅលើប្រពន្ធរបស់ខ្លូនឈ្មោះ អ៊ីន ស៊ូជន រហូតដល់ស្លាប់​ក្រោយកើតហេតុបាន៣ថ្ងៃ។

នគរបាលបានបន្ដថា​ មុខពេលកើតហេតុថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ជនសង្ស័យរួម​ទាំងមិត្តភ័ក្រ​បានផឹកស៊ីនៅក្នុងផ្ទះរបស់ខ្លួន ពេលនោះប្រពន្ធ​របស់ជនសង្ស័យ​ក៏នៅក្នុង​កម្មវិធីនេះ​ផងដែរ លុះ​ពេល​ផឹក​ស្រាអស់១លីត្រ​កន្លះ មិត្តភ័ក្ររបស់ជនសង្ស័យ​បានត្រឡប់ទៅផ្ទះវិញ ស្រាប់តែពេល​នោះប្រពន្ធរបស់​ខ្លួនបានដេញ​ខ្លួនឱ្យចេញពីផ្ទះ ពេលនោះ​ខ្លួនខឹង​នឹងប្រពន្ធ​យ៉ាងខ្លាំង ក៏បានទាញ​ស៊ុមរូប​ថត​វាយទៅលើប្រពន្ធរបស់​ខ្លួនជាច្រើន​បណ្ដាលឱ្យបែក​កញ្ចប់​ស៊ុមរូបថតនោះ ក្រោយមកខ្លួនបាន​យកស៊ុម​នោះទៅ​ទុកក្រោមផ្ទះ។

លុះព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ ប្រពន្ធរបស់ខ្លួនបានជេរ និងបោះបង្វិចខោអាវឱ្យខ្លួនចេញពីផ្ទះ ខណៈពេលនោះខ្លួនបានកាន់តែខឹងប្រពន្ធ ក៏បានស្ទុះទៅយកស៊ុមរូបថត​ដ៏ដែរវាយ​ទៅលើប្រពន្ធ​របស់​ខ្លួន​ម្ដងទៀត បណ្ដាលឱ្យប្រពន្ធមានរបួស​ជាច្រើននៅ​លើដងខ្លួន ពេលនោះកូន​របស់ខ្លួនឈ្មោះ ណាន ណាក់ បានមកចាប់​បំបែកចេញ។

ក្រោយមកខ្លួនបានរត់​គេចទៅផ្ទះប្អូនរបស់ខ្លូន នៅភូមិស្នួលកើត បានរយៈ​ពេល២ថ្ងៃ ប្អូនប្រុសរបស់ខ្លូនបាន​មកប្រាប់ថាប្រពន្ធ​ខ្លួនបានស្លាប់​ទៅហើយ ពេលនោះ​ខ្លួនបានទៅ​មើលសពប្រពន្ធ ពេលទៅដល់​ក៏ត្រូវបានសមត្ថកិច្ច​ធ្វើការឃាត់ខ្លូនតែម្ដង។

បច្ចប្បន្នជនសង្ស័យត្រូវ​បានឃុំខ្លួនបណ្ណោះអាសន្ន នៅការិយាល័យព្រហ្ម​ទណ្ឌកំរិតធ្ងន់ នៃស្នងការ​ដ្ឋាននគរ​បាលខេត្ត​ក្រចេះ ដើម្បីក៏សាង​សំណុំ​រឿងបញ្ជូន​ទៅតុលាការ​ចាត់ការតាម​នីតិវិធី៕