(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឧត្តមភរិយា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញដល់ក្រុងព្រះសីហនុហើយ ដើម្បីសម្រាកលំហែក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ លើទឹកដីដ៏ស្រស់បំព្រងជាមួយសមិទ្ធផលកើតថ្មីជាច្រើនអនេកនាភាគនិរតីមួយនេះ។

ជាមួយការអញ្ជើញដល់ក្រុងព្រះសីហនុ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅទីសក្ការៈរង្វង់មូលព្រះឧមា-មហេសូរ ចំណុចប្រសព្វនៃមហាវិថីឆ្នេររាម និងមហាវិថីរាម ក្នុងភូមិសាស្រ្តភូមិអុង ឃុំរាម ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ទទួលបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងវត្តមានថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តព្រះសីហនុជាច្រើនរូប។

នៅទីសក្ការៈបារមីរង្វង់មូលព្រះឧមា-មហេសូរ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញបូជាទៀនធូបបូងសួងដល់បារមីព្រះឧមា-មហេសូរ សូមតាមជួយបីបាច់ថែរក្សាព្រះរាជាណាចក្រកម្ពុជាទាំងមូល ពិសេសប្រជាពលរដ្ឋកម្ពុជាទាំងអស់ រស់នៅក្រោមម្លប់សុខសន្តិភាព សុខដុមរមនា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពរីកចម្រើនថ្កើនថ្កាន ក្រោមម្លប់បារមីនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃយើង។

នៅរង្វង់មូលព្រះឧមា-មហេសូរ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយទេសភាពដ៏ស្រស់ស្អាតគ្មានពីរ នៃតំបន់ឆ្នេរសមុទ្ទតារារៈទិសនិរតីតំបន់សមុទ្ទ របស់ព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ដែរថា រង្វង់មូលព្រះឧមា-មហេសូរ គឺជាមហាសមិទ្ធផលថ្មីស្រឡាង ប្រសូត្រចេញក្រោមម្លប់សន្តិភាពសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពីការដាក់ចេញនយោបាយឈ្នះ-ឈ្នះ។ រង្វង់មូលនេះ មិនគ្រាន់តែជាទីសក្ការៈរបស់បងប្អូនពុទ្ធសានិកជនប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ តាមរយៈការកសាងឡើងនូវមហាវិថីជាច្រើន តាមបណ្តាឆ្នេរដ៏ស្រស់ស្អាត នៃតំបន់ឆ្នេររាម ដែលបានលាក់ទុកដ៏យូរលង់មកហើយនោះ។

បន្ទាប់ពីការត្រួសត្រាយផ្លូវឡើងវិញ តំបន់ឆ្នេររាបបានភ្ជាប់ទៅនិងក្រុងព្រះសីហនុ ជាមួយនិងមហាវិថី រុក្ខវិថី និងវិថីទាំង៣៨ខ្សែ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាសម្បត្តិសាធារណៈកាក់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញបន្តដំណើរទស្សនាមហាសមិទ្ធផលថ្មីមួយទៀត គឺរូបសំណាក់ព្រះថោងតោងស្បៃនាងនាគ ស្ថិតលើរង្វង់មូលនៃភូមិគគីរ ឃុំបិតត្រាំង ស្រុងព្រៃនប់ ខេត្តព្រះសីហនុ ដែលទើបបញ្ចប់ការសាងសង់ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១២ឈានចូលព្រឹកថ្ងៃទី១៣ ខែមេសានេះ។

នៅទីសក្ការៈរង្វង់មូលដែលតាំងព្រះថោងតោងស្បៃនាងនាគ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញបូជាទៀនធូប ឧទ្ទិសបារមីព្រះថោងនាងនាគ ដែលបានកសាងនៅតំបន់ឆ្នេរទេសចរណ៍ខេត្តព្រះសីហនុ សូមតាមជួយបីបាច់ថែរក្សាការពារព្រះរាជាណាចក្រកម្ពុជា ពិសេសប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកសំរាកកំសាន្តនៅខេត្តព្រះសីហនុ សូមសមប្រកបនូវភាពត្រជាក់ត្រជុំសុខដុមរមនា ប្រកបរបររកស៊ីទទួលទានមានភាពរីកចំរើនថ្កុំថ្កើនគ្រប់ក្រុមគ្រួសារទាំងអស់។

សូមបញ្ជាក់ថា រូបសំណាក ព្រះថោងនាងនាគ គឺជារូបបដិមាស្ពាន់ធំជាងគេ នៅព្រះរាជាណាចក្រកម្ពុជា សាងសង់ពីស្ពាន់មានទម្ងន់សរុប ៦០តោន កម្ពស់ពីព្រះបាទដល់កំពូលម្កុដ ២១ម៉ែត្រ តម្កល់លើបល្ល៍ង្គកម្ពស់ ៦.៣៤ម៉ែត្រ ឈរ បង្ហាញខ្លួនដ៏ស្កឹមស្កៃនៅចំកណ្តាលរង្វង់មូលព្រះថោងនាងនាគ ដែលមានអង្កត់ផ្ចិត ៩៩ម៉ែត្រ ដោយបែរព្រះភគ្រឆ្ពោះទៅសមុទ្ទរាម ទ្រងដំណើរយាងទៅជួបព្រះមាតាបិតា នៅឋានភុជង្គនាគ ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលមានអាយកាលដ៏យូរលង់ណាស់មកហើយ។

រូបសំណាក ព្រះថោងនាងនាគ និងប្រារព្វពិធីបុណ្យអភិសេក តាមគន្លងប្រពៃណីសាសនា នាថ្ងៃទី១៦ ខែមេសា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីទុកជាឧត្តមប្រយោជន៍របស់មនុស្សជាតិជាយូរអង្វែងតរៀងទៅ។

នៅរង្វង់មូលព្រះថោងនាងនាគ និងកន្លែងចារឹកអក្សរ «ខ្មែរធ្វើបាន» សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយទិដ្ឋដ៏ល្អឯក ដែលកូនខ្មែរធ្វើបាន មុននឹងបន្តដំណើរទៅស្នាក់អាស្រ័យនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

រាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងទៅនេះ គឺអាស្រ័យដោយមានការដឹកនាំខាង នយោបាយត្រឹមត្រូវ ប្រកបដោយឆន្ទៈមោះមុត មានការចូលរួមគាំទ្រពីសមាជិក សមាជិកានៃស្ថាប័ននីតិប្បញ្ញត្តិ សមាជិក សមាជិកា រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កម្មករ កសិករ និយោជិត ធុរជន វិនិយោគិន យុវជន យុវនារី លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និសិ្សត សិស្សានុសិស្ស និង ប្រជាជនទូទាំងប្រទេស ព្រមជាមួយនឹងការជួយឧបត្ថម្ភគាំទ្រដោយចិត្តស្មោះសរពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍ និងសហគមន៍អន្តរជាតិ សំដៅឈានទៅសម្រេចបាន នូវបំណងប្រាថ្នារយៈពេលវែងរបស់ប្រជាជនកម្ពុជា ដែលចង់ឱ្យកម្ពុជាក្លាយជាប្រទេសមានមោទនភាពជាតិ មានអនាគតដ៏រុងរឿងភ្លឺស្វាង ត្រចះត្រចង់ និងជា រដ្ឋអធិបតេយ្យមួយរឹងមាំ ដែលគោរពខ្ជាប់ខ្ជួន នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ និងមានសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង ព្រមទាំងមានកិត្យានុភាពខ្ពស់ត្រ ដែតលើឆាកអន្តរជាតិ។

សូមទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី ជួយអភិបាលគ្រប់គ្រង ជួយបីបាច់ថែរក្សាគាំពារ និងប្រសិទ្ធពរ ជ័យដល់ប្រជាជនខ្មែរគ្រប់រូប ឱ្យមានសមានចិត្តជាកុសល យោគយល់គ្នា រួបរួមសាមគ្គីគ្នាជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរជាទីស្នេហា ដោយសេចក្តីសុខក្សេមក្សាន្ត និងប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ ក្នុងឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គមតរៀងទៅ ៕