(ភ្នំពេញ)៖ លោក សៀ ភារម្យ ក្រុមការងារពិសេសសិទ្ធិលំនៅឋានបានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី០៩ ខែឧសភានេះថា លោកគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការ របស់ក្រ​សួង​រៀបចំដែនដី នគររូបនីយកម្ម និង​សំណង់ រៀបចំដាក់​បញ្ជូនឈ្មោះ​បុគ្គលណា​ក៏ដោយ តែងតែរំលោភ​យកដីប្រ​ជាពលរដ្ឋ ទោះមានឋានៈ​អ្វីក៏ដោយ ក្នុងបញ្ជី​ស្បែកខ្មៅ សម្រាប់​ការស្នើចុះ​បញ្ជី ឬផ្ទេរ​កម្មសិទ្ធិដីធ្លី។

ការលើកឡើង​របស់លោក សៀ ភារម្យ នាពេលនេះ បានធ្វើឡើងក្រោយពីលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រ​សួងដែនដី នគរូបនីយកម្ម​ និង​សំណង់ បានប្រកាសនៅ​ក្នុង​កិច្ចប្រជុំ​ផ្ទៃ​ក្នុង​ជាមួយ​​មន្រ្តីរបស់​ខ្លួនទូទាំង​ប្រទេសថា លោកឧកញ៉ា ឡោក ហួរ ត្រូវបានដាក់​ចូលក្នុងបញ្ជី​ខ្មៅរបស់​ក្រសួង ព្រោះមាន​ទំនាស់ដី ជាមួយ​ប្រជាពល​រដ្ឋច្រើន។

អ្នកនាំពាក្យរូបនោះ​បានបញ្ជាក់បាន Fresh News នៅរសៀល​ថ្ងៃទី០៩ ខែឧសភានេះ ថា «នាពេលថ្មីៗ ឯកឧត្តមរដ្ឋមន្រ្តី​បានប្រកាស​នៅក្នុងកិច្ច ប្រជុំអំ​ពីលោក​​ឧកញ៉ា ឡោក ហួរ មាន​ទំនាស់​ដីធ្លី​​ច្រើនណាស់, តាមព័ត៌មាន​ដំបូងនា​ពេលនេះ​មានចំនួន​៥កន្លែង​ហើយ ទាំងនៅភ្នំពេញ និងតាម​ខេត្តនានា។ អ៊ី​ចឹង​​ឯកឧត្តមរដ្ឋមន្រ្តី​ដាក់​​បញ្ជី​ខ្មៅ»

លោក សៀ ភារម្យ ក្រុមការងារពិសេសសិទ្ធិលំនៅ​ឋានបានបញ្ជាក់​យ៉ាង​ដូច្នោះថា «ខ្ញុំសប្បាយចិត្ត និងគាំទ្រយ៉ាង​ពេញទំហឹងចំពោះ​ចំណាត់​ការ របស់ក្រសួងរៀប​ចំដែនដី នគររូបនីយកម្ម និង​សំណង់។ យ៉ាងណាខ្ញុំសង្ឃឹមថា លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម​ និង​សំណង់ នឹងអនុវត្តតាមអ្វីដែល​គាត់បាន​បេជ្ញាកន្លង​មកទៅលើ​កំណែ​ទម្រង់នេះ។ បើអនុវត្តបានល្អ ខ្ញុំជឿជាក់ថា បញ្ហាដីធ្លីនៅក្នុងប្រទេសកម្ពុជា នឹងកាត់បន្ថយ រឺក៏អាចឈាន​ដល់ការលុប​បំបាត់បាន​ទាំងស្រុង»

លោក សៀ ភារម្យបានបន្តថា បើរដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម​ និង​សំណង់ដាក់ទណ្ឌកម្ម ទៅលើបុគ្គលរំ​លោភយក​ដីប្រជា​ពលរដ្ឋ គឺជាការល្អ​ហើយ តែទន្ទឹមនឹង នោះ ក្រសួងត្រូវ​តែរកដំណោះ​ស្រាយជូនប្រជា​ពល​រដ្ឋ​ឲ្យបាន​សមស្រប ជៀសវាងបញ្ហា​ដីធ្លីរីកសុះ​សាយជាងមុន។

នាពេលកន្លងមកថ្មីៗ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀប​ចំដែនដី បានថ្លែងថា លោកនឹងរៀប​ចំដាក់បញ្ជូន ឈ្មោះបុគ្គលណា​ក៏ដោយ តែងតែរំលោភយក ដីប្រជាពលរដ្ឋ ទោះមានឋានៈ​អ្វីក៏ដោយក្នុង​បញ្ជីស្បែកខ្មៅ សម្រាប់ការស្នើចុះបញ្ជី ឬផ្ទេរកម្មសិទ្ធិដីធ្លី ហើយលោកក៏នឹង រាយការណ៍ ជូនសម្តេចតេជោ ហ៊ុន សែននាយក រដ្ឋមន្ត្រីផងដែរ។ លោក ជា សុផារ៉ា បានថ្លែងថា «ខ្ញុំនឹងការ​បញ្ចូលក្នុង​បញ្ជីស្បែក​ខ្មៅសម្រាប់ការ ស្នើចុះ ឬផ្ទេរកម្មសិទ្ធិ និងរាយការណ៍ ជូនសម្តេចរាល់​បុគ្គលណា ដែល តែង តែមាន​ករណីរំលោភ យកដីប្រជាពលរដ្ឋ ទោះឋានៈ​ធំប៉ុណ្ណា​ក៏ដោយ»

រដ្ឋមន្ត្រីបានបញ្ជាឲ្យមន្ត្រីរបស់ក្រ​សួងរៀបចំដែនដី​ទាំងអស់ មិនត្រូវចុះ​ហត្ថលេខា លិខិតស្នើចុះ​បញ្ជី ឬផ្ទេរកម្ម​សិទ្ធិដីធ្លី ជូនបុគ្គលដែល​មានឈ្មោះ ក្នុងបញ្ជីខ្មៅ​របស់ ក្រសួង​ជាដាក់ខាត៕