(សៀមរាប)៖ ក្រុមហ៊ុនសំណង់វិស្វកម្មចិនទី៣ ក្រៅតែពីការយកចិត្តទុកដាក់លើការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្នុងខេត្តកណ្តាលហើយនោះ ក្រុមហ៊ុនតែងតែបានចូលរួមសកម្មភាពនានា ដើម្បីរួមចំណែកលើកកម្ពស់ចំណងមិត្តភាព និងវប្បធម៌រវាងកម្ពុជា និងចិនផងដែរ។ ពេលថ្មីៗនេះ ថ្នាក់ដឹកនាំ និងបុគ្គលិក ដែលកំពុងបំពេញការងារនៅកម្ពុជា ក៏បានឆ្លៀតទៅចូលរួមទស្សនាដោយផ្ទាល់ព្រឹត្តិការណ៍ប្រកួត «ស្តេចប្រដាល់អង្គរ» ដែលជាការប្រកួតរវាងកីឡាករប្រដាល់របស់កម្ពុជា និងចិន នៅមុខប្រាសាទអង្គរ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

ការចូលរួមទស្សនាការប្រកួតនេះ ជាបង្ហាញឱ្យឃើញនូវស្មារតីគាំទ្រដ៏មុតមាំរបស់ក្រុមហ៊ុនសំណង់វិស្វកម្មចិនទី៣ លើចំណងមិត្តភាពរវាងកម្ពុជា និងចិន និងការលើកកម្ពស់ទំនាក់ទំនងផ្នែកវប្បធម៌រវាងប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុនសំណង់វិស្វកម្មចិនទី៣ បានបង្ហាញការរីករាយ និងស្ញប់ស្ញែងផងដែរ ចំពោះការរៀបចំឱ្យមានព្រឹត្តិការណ៍ប្រកួត «ស្តេចប្រដាល់អង្គរ»។ ពួកគេបានចាត់ទុកព្រឹត្តិការណ៍នេះ ជាការរួមចំណែកលើកម្ពស់ទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងចិន ឱ្យកាន់តែល្អប្រសើរថែមទៀត។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួត «ស្តេចប្រដាល់អង្គរ» ដែលជាការប្រកួតលើកដំបូងរវាងកីឡាករល្បីៗរបស់កម្ពុជា និងចិន ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃអាទិត្យ ទី១០ ខែមេសា កន្លងទៅនេះនៅមុខប្រាសាទអង្គរ ក្នុងក្រុងសៀមរាប។ ការប្រកួតខ្នាតយក្សមួយនេះ មានការប្រកួតរវាងកីឡាករ និងកីឡការកម្ពុជា និងចិន ចំនួន ១០គូ។

ការប្រកួតចំនួន ១០គូនេះ កីឡាករជើងខ្លាំងរបស់កម្ពុជា ឡៅ ចន្ទ្រា, សូត្រ វាសនា និង ឈឿង ល្វៃ បានសន្លប់ត្រឹមទឹកទី១ ក្រោមកណ្តាប់ដៃរបស់អ្នកប្រដាល់ចិន។ រីឯជើងខ្លាំង ឡៅ ចិត្ត្រា, ផល សោភ័ណ្ឌ និង ព្រំ សំណាង ក៏បាន ចាញ់ពិន្ទុកីឡាករចិនផងដែរ។ មានតែកីឡាករ លន បញ្ញា និងកីឡាការិនី នូវ ស្រីពៅ ប៉ុណ្ណោះ ដែលបានយកឈ្នះអ្នកប្រយុទ្ធរបស់ចិន ទទួលបានពានសម្រាប់ការប្រកួត «ស្តេចប្រដាល់អង្គរ» ជាលើកដំបូងនេះ។

សូមបញ្ជាក់ថា ក្រុមហ៊ុនសំណង់វិស្វកម្មចិនទី៣ គឺជាក្រុមហ៊ុនដែលទទួលបានការទុកចិត្តពីក្រុមហ៊ុនវិនិយោគអនិកជនខ្មែរ OCIC ឱ្យសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្នុងខេត្តកណ្តាល។

លោក ហង់ អមតៈ ដែលជាតំណាងបុគ្គលិកក្រុមហ៊ុនសំណង់វិស្វកម្មចិនទី៣ បានលើកឡើងថា គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ជាគម្រោងដ៏ធំសម្បើមមួយប្រចាំប្រទេសកម្ពុជា។ ពេលចាប់ផ្តើមដំណើរការសាងសង់គម្រោងមិនទាន់មានការប៉ះពាល់នៃជំងឺកូវីដកើតឡើងនោះទេ ហើយជាគម្រោងដែលទទួលបានការរួចពន្ធនាំចូលពីរដ្ឋផងដែរ។

ចាប់តាំងពីឆ្នាំ២០២០មកដល់ពេលបច្ចុប្បន្ន មានឧបសគ្គជាច្រើនកើតឡើងដោយសារជំងឺកូវីដ១៩។ គម្រោងជាច្រើនត្រូវបានបិទ ប៉ុន្តែគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនៅតែដំណើរការធម្មតា។

វិស្វករក្រុមហ៊ុនសំណង់វិស្វកម្មចិនទីបី បានដឹកនាំអ្នកសាងសង់ជាង ៣,០០០នាក់ បញ្ចប់ការបិទដំបូលនៃគ្រោងអគារស្ថានីយអ្នកដំណើរ អគារស្ថានីយរង់ចាំការហោះហើរ និងស្ថានីយថាមពលហើយទទួលការវាយតម្លៃខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ពេលអញ្ជើញទស្សនាគម្រោងរយៈពេលពីរដងនាពេលកន្លងមក។

មិនតែប៉ុណ្ណោះក្រុមហ៊ុនសំណង់វិស្វកម្មចិនទីបី ក៏ទទួលបានការថ្លែងអំណរគុណពីការខិតខំប្រឹងប្រែងក្នុងការសាងសង់ដោយលោកអគ្គនាយកក្រុមហ៊ុន Cambodian Airport Investment។ អ្នកឧកញ៉ា ពុង ឃាវសែ បានសរសេរលិខិតថ្លែងអំណរគុណជាច្រើនលើក។ ក្រុមហ៊ុន បានប្តេជ្ញាកសាងគម្រោងដ៏ធំសម្បើមនេះ ឱ្យប្រព្រឹត្តទៅយ៉ាងរលូន៕