(ភ្នំពេញ)៖ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា បានរៀបចំពិធីសំណេះសំណាល និងរៀបចំអាហារសាមគ្គី រាំកម្សាន្តសប្បាយជូនដល់ជនរងគ្រោះ និងជនងាយរងគ្រោះ ជនវិបល្លាសស្មារតី ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ជាង៤០០នាក់។

លោកស្រី មុំ ចាន់ដានី បានបញ្ជាក់ថា ពិធីនេះប្រព្រឹត្តទៅក្រោមបរិយាកាស អមដោយតន្ត្រីសប្បាយរីករាយៗ ក្រោមការឧបត្ថម្ភរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួងស្រេង ក្នុងការផ្តល់ដល់ជនរងគ្រោះ ដើម្បីបានចូលរួមសប្បាយទទួលពរជ័យពីទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ព្រះនាម កិរិណីទេវី ជាបុត្រីទី៥ នៃស្ដេចកុបិល្លមហាព្រហ្ម ដែលនឹងចូលមកកាន់តំណែង បន្តវេនពីទេវតាឆ្នាំចាស់ នាពេលឆាប់ៗនេះ។

ពិធីនេះក៏មានការចូលរួមពីលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមរាជធានីភ្នំពេញ នាថ្ងៃត្រង់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

លោកស្រី មុំ ចាន់ដានី បានលើកទឹកចិត្តដល់ជនងាយរងគ្រោះថា សូមបងប្អូន ពូ មីង ក្មួយៗ សូមកុំអស់សង្ឃឹម និងកុំបណ្តែតបណ្តោយឱ្យខ្លួនធ្លាក់ចូលផ្លូវណាដែលសង្គមយើងស្អប់ខ្ពើម គឺនៅមានរាជរដ្ឋាភិបាល មានក្រសួង មន្ទីរ ស្ថាប័ន ពាក់ព័ន្ឋជាច្រើន នៅជិតកៀក និងចាំជួយបងប្អូន ពូ មីង និងក្មួយៗជានិច្ច។ ដូច្នេះពូ មីង ក្មួយៗ ត្រូវថែរក្សាសុខភាពឱ្យរឹងមាំឡើង បើសុខភាពយើងរឹងមាំនោះ យើងមានឱកាសបានសុខសប្បាយជាមួយសង្គមយើង ដែលកំពុងរីកលូតលាស់ក្រោមដំបូលសន្តិភាពនេះ។

លោកស្រីប្រធានមន្ទីរបានបន្តថា បច្ចុប្បន្ននេះ ជនរងគ្រោះទាំងនេះ បាននឹងកំពុងស្នាក់នៅក្នុងមណ្ឌលមានចំនួន៤៤៤នាក់ ក្នុងនោះស្រីចំនួន ១៩៨នាក់ ដើម្បីមើលថែទាំ ផ្តល់ការហូប ស្នាក់នៅ អប់រំ ស្តារនីតិសម្បទា សិក្សាស្វែងរកគ្រួសារ ដែលពួកគេធ្វើចំណាកស្រុកប្រថុយប្រថាន ធ្វើសកម្មភាពមុខរបរប្រកបដោយហានិភ័យផ្សេងៗ ក្នុងរាជធានីភ្នំពេញ។

លោក ស្រី មុំ ចាន់ដានី បានបញ្ជាក់ថា បច្ចុប្បន្ន មន្ទីរសង្គមកិច្ច តែងតែយកចិត្តទុកដាក់ គិតគូរដល់ជនងាយរងគ្រោះ ជនមានស្មារតីវិបល្លាស ស្ត្រីរងគ្រោះជាប្រចាំ។ ព្រោះថា ស្ថាប័នមួយនេះ ត្រូវតែគិតគូរយកចិត្តទុកដាក់ជាប់ជាប្រចាំ ដោយអនុវត្តទៅ តាមគោលការណ៍របស់រាជរដ្ឋាភិបាល នៅពេលដែលពួកគាត់មានទុក្ខកង្វល់ មានជំងឺ ឬខ្វះស្បៀង និងជួបបញ្ហាដោយប្រការណាមួយមន្ទីរ ក៏ដូចអាជ្ញាធរមូលដ្ឋាន តែងតែចុះជួយពួកគាត់ជារៀងរហូត ដែលទាំងអស់នេះ បញ្ជាក់ពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលប្រសើរថ្លៃថ្លានេះដែរ លោកស្រីសូមលើកហត្ថបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ពិសេសទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព្រះនាមកិរិណីទេវី សូមព្រះអង្គតាមជួយថែរក្សាអភិបាល ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ ចំពោះមន្ត្រី និងជនរងគ្រោះ ជនងាយរងគ្រោះ ទុគតជន ជនអនាថា ជនវិបល្លាស្មារតី ជនពិការ ជនគ្មានទីពឹង ជនរងគ្រោះដោយសារធាតុញៀនប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕