(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា ការឃាត់ខ្លួនអ្នកធ្វើយុទ្ធនាការស្លៀកខ្មៅ៦នាក់ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ គឺដើម្បីអប់រំ ធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពទាំងនេះ និងរក្សាទុកជាឯកសារសម្រាប់បម្រើផ្លូវច្បាប់ទៅថ្ងៃក្រោយ នេះបើយោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្តិច។

មន្រ្តីអង្គការសង្គមស៊ីវិល និងតំណាងអ្នកភូមិបឹងកក់ទាំង៦នាក់នោះរួមមាន ១៖ លោក អ៊ី សារ៉ុម នាយកប្រតិបត្តិអង្គការធាងត្នោត ២៖ លោក ថាវ គឹមសាន អនុប្រធានអង្គការលីកាដូ ៣៖ អ្នកស្រី សរ ស៊ន តំណាងប្រជាពលរដ្ឋបុរីកីឡា ៤៖ កញ្ញា ស៊ង ស្រីលាភ តំណាងប្រជាពលរដ្ឋ បឹងកក់ ៥៖ អ្នកស្រី គង់ ចន្ថា តំណាងប្រជាពលរដ្ឋ បឹងកក់ ៦៖ អ្នកស្រី ប៉ូវ សោភា តំណាងប្រជាពលរដ្ឋ បឹងកក់។

នៅក្នុងលិខិតរបស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចបានចាត់វិធានការតឹងរឹងចំពោះ អ្នករឹងរូសធ្វើយុទ្ធនាការស្លៀកខ្មៅ៦នាក់ខាងលើ នៅវេលាម៉ោង១០៖០០ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថានភាពក្រុមអ្នកតវ៉ា បានវិលទៅរកភាពស្ងប់ស្ងាត់ឡើងវិញ មិនមានអ្វីជាបញ្ហាធំដុំទេ។

សូមបញ្ជាក់ថា កាលពីម្សិលមិញនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការរាល់សកម្មភាពនិងការធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅនេះ ដើម្បីរក្សាសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងពង្រឹងនីតិរដ្ឋ របស់ជាតិទាំងមូល។ សម្តេចក្រឡាហោម ស ខេង បានណែនាំដល់ដល់អភិបាលរាជធានី និងខេត្ត ពាក់ព័ន្ធ ឲ្យចាត់វិធានការម៉ឹងម៉ាត់ និងទប់ស្កាត់សកម្មភាពទាំងអស់នេះ ដើម្បីរក្សា និងទប់ស្កាត់ចលនាញុះញង់នេះ ដែលអាចនាំឲ្យមានភាពចលាចល វឹកវរក្នុងសង្គម។

ការដាក់ចេញវិធានការរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិល មួយចំនួន បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅកម្ពុជាចូលរួមធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅ នៅរៀងរាល់ថ្ងៃចន្ទ ដើម្បីទាមទារឱ្យសមត្ថកិច្ច ដោះលែងមន្រ្តីសង្គមស៊ីវិល ប៉ុន្តែរដ្ឋាភិបាលបានចាត់ទុកថា សកម្មភាពនេះ មានចរឹតដូចទៅនឹងការរៀបចំធ្វើបដិវត្តពណ៌៕