(ភ្នំពេញ)៖ ការប្រគំ​តន្ត្រី​សប្បុរសធម៌​នៅ​ សាលសន្និសីទចតុមុខ ក្រោមវត្តមានកញ្ញា ឯកពិភពលោក «​ Miss Global 2015» ដែលរៀបចំដោយ សមាគម​សិល្បករ​ខ្មែរ សហការ​ជាមួយ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ ​នារាត្រីថ្ងៃទី០៨ ខែឧសភា​ឆ្នាំ២០១៦ ​ប្រមូល​ថវិកាបាន១០៥១០ដុល្លារ និងលុយខ្មែរជាង៣០លានរៀល (គិតជា ដុល្លារ ជាង៧ពាន់ដុល្លារ) បាន​ពីការបរិច្ចាគ​ ពី​សំណាក់​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស។ ​ថវិកាដែលប្រមូលបាន ចំនួ​ន១០៥១០ដុល្លារ និងលុយខ្មែរជាង៣០លានរៀល ក្នុងនោះ សម្តេច​តេ​ជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមថវិកា១៥លានរៀល និងលោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ៥លានរៀល។

​លោកស្រី ​ម៉ែន សំអន​ តំណាង​សម្តេច​តេ​ជោ ​ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​កម្ពុជា បាន​ឲ្យដឹងនៅក្នុងពិធី បើកការប្រគំ​តន្ត្រី​សប្បុរសធម៌​ ថ្ងៃទី​៨ ​ខែឧសភា​ ឆ្នាំ​២០១៦ នៅ ​សាល​មហោស្រព​ចតុមុខថា «ព្រឹត្តិការណ៍​សម្តែង​សិល្បៈ​ ដ៏​សប្បាយរីករាយ ស្របពេល​ដែលប្រទេស ជាតិ​យើង មាន​សុខសន្តិភាព​ពេញបរិបូរណ៍ និងការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ លើ​គ្រប់​វិស័យ ​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ​ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ ​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់ អត្រា​នៃ​ភាពក្រីក្រ​ របស់​ប្រជាពលរដ្ឋ​បាន​ថយចុះ​យ៉ាង​លឿន ​ឆ្លើយតបបាន​ទៅនឹង​សូចនាករ​អភិវឌ្ឍ សហស្ស​វត្សរ៍ ​របស់អង្គការសហប្រជាជាតិ ។ តន្ត្រី​សប្បុរ​ធម៌​នេះ ជាការ​បង្ហាញ​ពី​ឧ​ត្ត​ម​គិត មនសិកា​ជួយ​គ្នា​ទៅវិញទៅមក និង​ស្មារតី​សាមគ្គីភាព​របស់​យើងទាំងអស់គ្នា ដើម្បី​រួមគ្នា​ធ្វើ​សកម្មភាព​មនុស្សធម៌ និង​សប្បុរសធម៌ ជួយ​ដល់​សង្គមជាតិ និង​អ្នកក្រីក្រ​»​។​

​ក្នុងឱកាស​នោះដែរ តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងបន្តថា កម្មវិធី​សម្តែង​សិល្បៈ​សប្បុរ​ធម៌ ធ្វើឡើង​ចំពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល សម្តេចតេ​ជោ ​ហ៊ុន សែន កំពុង​យកចិត្តទុកដាក់ និង​អំពាវនាវ​ដល់​សកម្មភាព មនុស្សធម៌​នានា​ជួយ​ដល់​សង្គម និង​រួមចំណែក​ជំរុញ សកម្មភាព​មនុស្សធម៌ និង​សប្បុរសធម៌ ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​កុមារ​អង្គរ ដែល​កំពុង​ជួបប្រទះ​ ការលំបាក​ខាង​ថវិកា និង​ជួយ​សម្រាល​បន្ទុក​ដ៏​ធ្ងន់​ របស់​រាជរដ្ឋាភិបាល​។​

​សូមបញ្ជាក់ថា តន្ត្រី​សប្បុរស​ធម៌​នេះ ត្រូវបាន​ផ្តួចផ្តើមឡើង​ ដោយ​សមាគម​សិល្បករ​ខ្មែរ សហការ​ជាមួយ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ និង​មានការ​ចូលរួម​ពីគណៈ ប្រតិភូ​បវ​កញ្ញា​គ្លូ​ប​ល​អន្តរជាតិ​២០១៥ «​ Miss Global 2015» មកពីប្រទេស អូស្រ្តាលី,អាមេរិក, ប៊ុលការី ,​អ៊ុយហ្គ័រ និង​ទស្ស​និជ​ន​ជាច្រើន​នាក់​។ កម្មវិធី​នេះ​មាន​របាំ ចម្រៀង ឆាកកំប្លែង និង​ការបង្ហាញ​ម៉ូដ ប្រកបដោយ​ទេពកោសល្យ​ យ៉ាង​ប៉ិន​ប្រសព្វ​ ពី​សំណាក់​តារា សិល្បករ​សិល្បការិនី​ជាច្រើន ដែល​ញ៉ាំងឲ្យ​ពិធី​នេះ​ ​រិត​តែមាន​ភាពសប្បាយ​រីករាយ​ និង​អធិកអធម​ទ្វេដង។​

​លោកស្រី​ ម៉ែន សំអន បាន​អំពាវនាវ​ដល់​សប្បុរស​ជន​ សូម​មេត្តាជួយ​រួមចំណែក​ ជា​វិភាគទាន​តាម​សទ្ធា​ជ្រះថ្លា ​រៀងៗ​ខ្លួន ដើម្បី​ជ​ជួយ​ដល់​សកម្មភាព​សប្បុរស​ធម៌​។ លោកស្រី​បន្ថែមថា «ខ្ញុំ​សូមបញ្ជាក់​អះអាងថា ថវិកា​ដែល​បានមកពី​ការ​រៃអង្គាស ​ក្នុង​ពិធី​នេះ នឹងត្រូវ​យកទៅ​ប្រើប្រាស់ ក្នុង​គោលដៅ​មនុស្សធម៌ គឺ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​កុមារ​អង្គរ ដែល​កំពុង​ត្រូវការ​ជំនួយ​»

តាង​នា​មឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ​ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​កម្ពុជាលោកស្រី ម៉ែន សំអន ​សូម​ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ​ចំពោះ ​អ្នករៀបចំ​កម្មវិធី​អ្នកចូលរួម ​និង​សប្បុរសជន​ ទាំងអស់​ផងដែរ៕