(ភ្នំពេញ)៖ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការ សាខា និងភរិយា នៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦នេះបានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូន ដល់បងប្អូនប្រជាពលរដ្ឋចំនួន ១២៨គ្រួសារ រស់នៅសហគមន៍ភូមិអណ្តូង ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

ក្នុងឱកាសនោះ លោកប្រធានគណៈកម្មាធិការសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ ពីសំណាក់សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋយើងជាទូទៅ ជាពិសេសអ្នកដែល រងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណ: ពណ៌សម្បុរ អ្វីឡើយ គឺ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា។

លោក មាន ចាន់យ៉ាដា នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានឲ្យដឹងថា អំណោយមនុស្សធម៌ដែលបានចែកជូនគ្រួសារនីមួយៗ ទទួលបាន ៖ អង្ករ២០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ ទឹកបរិសុទ្ធឱរ៉ាល់១កេស ទឹកដោះគោ៦កំប៉ុង ស្ករស១គីឡូក្រាម អំបិល១គីឡូក្រាម ប្រេងឆា១ដប សម្ភារៈប្រើប្រាស់ផ្ទះបាយ៧មុខ ឃីត១ក្នុងនោះមាន (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ៥ម៉ឺនរៀល៕