(ភ្នំពេញ)៖​ បុរសម្នាក់បានយកសាំងដុតខ្លួនឯង បណ្តាលឲ្យឆេះរលួយពេញខ្លួនប្រាណ ស្ទើរស្លាប់ ដោយហេតុការណ៍នេះ បានកើតឡើង នារសៀលថ្ងៃទី៩​ ខែឧសភា ឆ្នាំ២០១៦នេះ ​​នៅតាមផ្លូវ ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ករណីដែលបុរសខាងលើ​ យកសាំងចាក់ដុតសម្លាប់ខ្លួនឯងនេះ នៅមិនទាន់ដឹងមូលហេតុ ពិតនៅឡើយទេ ហើយពេលនេះជនរងគ្រោះត្រូវបានសមត្ថកិច្ច​ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម​ៗផងដែរ​។

ប៉ុន្តែបើតាមសម្តីអ្នកនៅកន្លែងកើតហេតុ និយាយថា បុរសចាក់សាំងដុតខ្លួនឯងនោះ ព្រោះខឹងប្រពន្ធយកកូនចេញពីផ្ទះ ទើបគាត់សម្រេចចិត្តយ៉ាងដូច្នេះ។

ជនរងគ្រោះមានឈ្មោះ​ ប៊ុន កុសល អាយុ៤០ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បច្ចុប្បន្នកំពុងសម្រាកព្យាបាល​ នៅពេទ្យលោកសង្ឃ៕