(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជំនួសមុខឲ្យកម្ពុជា បានសម្តែងការអរគុណ បណ្តាប្រទេសដៃគូ អ្នកស្ម័គ្រចិត្ត និង គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ រួមទាំងប្រទេសជប៉ុន សាកលវិទ្យាល័យ សូហ្វីយ៉ា ដែលបានជួសជុលអភិរក្សប្រាសាទបន្ទាយក្តីកំណាយ ស្រាវជ្រាវនៅស្ថានីយ៍ឡតានី និងជួសជុលស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត។ នេះបើតាមការបង្ហោះឲ្យដឹង នៅលើ Facebook Page របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។

សម្តេច ហ៊ុន សែនបានបញ្ជាក់យ៉ាងដូច្នោះថា «ទន្ទឹមនឹងការខិតខំពីកម្ពុជាដោយខ្លួនឯង ក្នុងការថែរក្សាអភិរក្ស និងជួសជុលប្រាង្គ ប្រសាទជាច្រើន នៅក្នងទឹកដីខេត្ត សៀមរាប ក៏មានមិត្តបរទេស ជាពិសេសអង្គការ UNESCO បានយកចិត្តទុកដាក់ជួយកម្ពុជា នៅក្នុងដំណើរការនេះ។ នៅពេលនេះគឺយើងឈានទៅជួសជុលស្ពាន ហាលខាងលិចប្រាសាទអង្គរវត្តដែលមានប្រវែង១៩០ម ទទឹង១១,៦០ម និងកម្ពស់៤ម សាងពីថ្មបាយក្រៀមក្រាលដោយកម្រាលថ្មភក់ និងលម្អដោយបង្កាន់ដៃនាគយ៉ាងល្អឯក គឺជាច្រកចូល ដ៏សំខាន់ របស់ប្រាសាទអង្គរវត្តតែម្តង។

រមណីយដ្ឋានអង្គរគឺជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានចុះបញ្ជីនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ បន្ទាប់ពីមានការអំពាវនាវ ស្នើសុំពី ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ក្នុងព្រះឋានៈជាព្រះប្រធាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៅឆ្នាំ១៩៨៩។

កម្ពុជាសូមអរគុណបណ្តាប្រទេសដៃគូ អ្នកស្ម័គ្រចិត្ត និងគណៈកម្មាធិការអន្តរជាតិសម្របសម្រួល កិច្ចគាំពាររមណីយដ្ឋាន ប្រវត្តិសាស្ត្រអង្គរ (International coordinating committee for the safeguarding and development of the historic site of Angkor “ICC-ANGKOR”) ដែលបានចូលរួមក្នុងកិច្ចការសង្គ្រោះ និង អភិរក្សប្រាង្គប្រាសាទក្នុងតំបន់ឧទ្យានអង្គរ រួមទាំងប្រទេសជប៉ុន សាកលវិទ្យាល័យសូហ្វីយ៉ាដែលបានជួសជុលអភិរក្សប្រាសាទបន្ទាយក្តី កំណាយស្រាវជ្រាវ នៅស្ថានីយ៍ឡតានី និងជួសជុលស្ពាន ហាលខាងលិចប្រាសាទអង្គរវត្តជាដើម»។

សម្តេច ហ៊ុន សែនបានបន្ទទៀតថា ដោយសារប្រទេសកម្ពុជាមានសន្តិភាព ទើបកម្ពុជាមានឱកាសនិង ពេលវេលាគ្រប់គ្រាន់ក្នុងការ ជួសជុល អភិរក្សប្រាង្គ ប្រាសាទទាំងឡាយឲ្យបានល្អស្អាតឡើងវិញ ដើម្បីជាប្រយោជន៌សម្រាប់ជាតិកម្ពុជាផង និងដើម្បីសម្រាប់ មនុស្សជាតិទូទាំងពិភពលោកផង៕