(ពោធិ៍សាត់)៖ នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ជាបេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់។

ពិធីនេះក៏មានការចូលរួមពី លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ពោធិ៍សាត់, លោក រុន សារី ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តពោធិ៍សាត់, លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមកម្ពុជា, សកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ចំនួន២៩៣នាក់។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលជាគណបក្សនយោបាយប្រកាន់លើសច្ចធម៌ សន្តិភាព និងតែងតែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ តាំងពីសម័យសង្គ្រាម រហូតដល់កម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។

លោកបណ្ឌិត បានលើកឡើងបន្តថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ជាប្រធាន តែងតែគិតគូរដោះស្រាយរាល់កង្វល់របស់សហគមន៍ឥស្លាម និងរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ ដូចជាពេលថ្មីៗនេះ សម្ដេចតេជោ បានដោះស្រាយជូនសហគមន៍ឥស្លាម ដោយផ្ដល់ដីបញ្ចុះសពសម្រាប់សាសនិកឥស្លាមកម្ពុជាដែលទទួលមរណភាពដោយសារកូវីដ១៩ ដើម្បីរៀបចំសពទាំងនោះតាមប្រពៃណីសាសនាឥស្លាមផងដែរ។

បន្ថែមពីនោះ លោក អូស្មាន ហាស្សាន់ ក៏បានរំលឹក និងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នេីរៀបចំឲ្យមានយ៉ាងហោចណាស់ អភិបាលរងស្រុក-ខណ្ឌ និងអភិបាលរងខេត្ត ១នាក់ ដដែលមានសម្ថភាព សម្រាប់មូលដ្ឋានដែលមានសាសនិកឥស្លាម រស់នៅច្រេីន ដើម្បីភាពងាយស្រួលទំនាក់ទំនងក្នុងសហគមន៍ និងសុខដុមរមណីសាសនា។

ជាមួយគ្នានោះ លោកបណ្ឌិត បានជំរុញលើកទឹកចិត្តសកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ឲ្យបន្តរក្សាសាមគ្គីភាព បង្កើនសកម្មភាពផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានារបស់គណបក្ស ជំរុញការចូលរួមឲ្យកាន់តែសកម្មក្នុងសហគមន៍ខ្មែរឥស្លាមទូទាំងខេត្ត ក្នុងការត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។

លោកក៏បានក្រើនរំលឹក ដល់សកម្មជនគណៈចលនា ត្រូវបញ្ជាក់ឲ្យច្បាស់ថា គ្រប់គ្នានៅមូលដ្ឋានរបស់ខ្លួន គឺពិតជាមានឯកសារពាក់ព័ន្ធគ្រប់គ្រាន់ដើម្បីបានបោះឆ្នោត ហើយប្រសិនមានប្រជាពលរដ្ឋណាម្នាក់មានបញ្ហាពាក់ព័ន្ធនឹងឯកសារ សូមជួយសម្រួលជូនគាត់ ពន្លឿនការងារឲ្យពួកគាត់បានទទួលឯកសារសមស្របគ្រប់គ្រាន់ ដូចជាអត្តសញ្ញាណបណ្ណសេរីចាស់ជាដើម គឺតម្រូវឲ្យមានសេរីថ្មី និងមានឈីបជាដើម។

លោកសង្ឃឹមយ៉ាងមុតមាំថា សកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ នឹងបន្តខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានម្លប់សន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត៕