(ក្រចេះ)៖ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តក្រចេះ។ ពិធីនេះមានការអញ្ជើញចូលរួមពី លោក វ៉ា ថន ប្រធានគណៈចលនាមហាជនខេត្តក្រចេះ និងសមាជិក សមាជិកា ក្នុងរចនាសម្ព័ន្ធរបស់គណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក វ៉ា ថន បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែង តស៊ូ ពុះពារ និងអត់ធ្មត់ ហើយជំនះបាននូវរាល់ឧបសគ្គ និងបញ្ហាប្រឈមនានានៅក្នុងប្រទេសទាំងមូលដើម្បររក្សាបាននូវស្ថារភាពក្នុងសង្គមទាំងមូល។ ជាក់ស្តែងខេត្តក្រចេះក៏អាចរក្សាបាននូវសុខសន្តិភាពរឹងមាំ សុវត្ថិភាព ស្ថិរភាពសង្គម និងសណ្ដាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ។

លោកថា ខេត្តក្រចេះ ក៏រក្សាបាននូវសន្ទុះនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ថែមទាំងរទាក់ទាញបានការវិយោគ បង្កើនការងារជូនប្រជាពលរដ្ឋ ជំរុញការងារកសិកម្ម កសិ-ឧស្សាហកម្ម សិប្បកម្ម អាជីវកម្ម សេវាកម្ម និងសំណង់ស្ថាបត្យកម្មកាន់តែមានកើនឡើងជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ មន្រ្តីគ្រប់ជាន់ថ្នាក់បានចូលរួម ឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋដែលជួបប្រទះការលំបាក ជាពិសេសក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។

ជាមួយគ្នានោះ លោក ហ៊ុន ម៉ានី បានបង្ហាញពីសេចក្ដីសោមន្សរីករាយដែលបានជួបសំណេះសំណាលផ្ទាល់ជាមួយសមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជាខេត្តទាំងអស់ដែលជាឱកាសដ៏វិសេសវិសាលបំផុតនៅក្នុងថ្ងៃនេះ។ លោកបានបន្ថែមទៀតថា «គណបក្សប្រជាជនកម្ពុជា នូវតែទទួលបាននូវសេចក្ដីទុកចិត្តពីប្រជាពលរដ្ឋកម្ពុជា តាមរយៈសកម្មភាពសប្បុរសនានា និងការលះបង់របស់មន្រ្តីថ្នាក់មូលដ្ឋានដើម្បីផ្សាភ្ជាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋ និងក្ដោបបានគ្រប់ស្ថានការណ៍ក្នុងខេត្តទាំងមូល»។

លោក ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណដល់ការលះបង់របស់មន្រ្តីបក្សក្នុងមូលដ្ឋានទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងមិនខ្លាចនឿយហត់ ដើម្បីជួយសម្រួលរាល់ការលំបាករបស់ប្រជាជន និងទាន់ពេលវេលា សកម្មភាពទាំងអស់នេះបានបង្ហាញឲ្យឃើញច្បាស់ពីការយកចិត្តទុកដាក់របស់មន្រ្តីមូលដ្ឋាន នៃគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋក្នុងគ្រាលំបាក ជាពិសេសក្នុងបរិបទជំងឺកូវីដ១៩ មន្រ្តីទាំងអស់បានសហការជាមួយអាជ្ញាមូលដ្ឋាន ដើម្បីជួយផ្សព្វផ្សាយពីវិធានការការពារជំងឺកូវីដ១៩ រៀបចំសម្របសម្រួល ជាមួយប្រជាជនអំឡុងពេលបិទខ្ទប់ និងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះដោយឥតគិតថ្លៃ។

លោក ហ៊ុន ម៉ានី បានសំណូមពរដល់មន្រ្តីថ្នាក់មូលដ្ឋានគ្រប់ជាន់ថ្នាក់ទាំងអស់ គិតគូរពីការខិតខំប្រឹងប្រែង និងបន្តអនុវត្តការងារស្របតាមផែនការទិសដៅ ដែលបានកំណត់ចាប់ពីពេលនេះតទៅ ដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចូលសមរភូមិ ឲ្យស្របទៅនឹងដៃគូប្រកួតប្រជែងរបស់យើង ក្នុងយុទ្ធនាការបោះឆ្នោតឃុំ សង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិដែលនឹងប្រព្រឹត្តទៅនៅក្នុងឆ្នាំ២០២៣។

លោកសង្កត់ធ្ងន់ថា «សូមជឿជាក់លើថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាថ្នាលអនាគតយុវជនជំនាន់ក្រោយឲ្យរស់នៅក្នុងសុខសន្តិភាព និងធានាបាននូវអ្វីដែលយើងមានក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពង្រីកសមិទ្ធផលបន្ថែមឆ្ពោះទៅអនាគត»៕