(ភ្នំពេញ)៖ ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សបង្ហាញស្នាដៃនៃការសរសេររបស់ខ្លួន និងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់គំនិតច្នៃប្រឌិត ទេពកោសល្យនៃការសរសេរ ព្រមទាំងជំរុញការយល់ដឹង និងការប្រើប្រាស់សេវាប្រៃសណីយ៍នៅកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំកម្មវីធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី១ ឆ្នាំ២០២២ លើប្រធានបទ «សរសេរសំបុត្រទៅអ្នកដែលមានឥទ្ធិពលស្តីពីមូលហេតុ និងរបៀបក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ Write a letter to an influential person about why and how to take action on climate change»

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ ដែលបានចេញផ្សាយនាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២នេះ បានបញ្ជាក់ទៀតថា បេក្ខជនជ័យលាភីនឹងទទួលបានរង្វាន់លើកទឹកចិត្ត ព្រមទាំងត្រូវជ្រើសរើសបន្តឱ្យចូលរួមជាតំណាងរបស់កម្ពុជានៅក្នុងកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union)។

១៖ លក្ខខណ្ឌនៃការចូលរួម
* ជាសិស្សានុសិស្សសញ្ជាតិខ្មែរ និងមានអាយុពី៩-១៥ឆ្នាំ (គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២)
* សរសេរសំបុត្រដោយដៃជាភាសាខ្មែរ និងភាសាអង់គ្លេស និងមិនត្រូវលើសពី៨០០ពាក្យ ឬ២ទំព័រ
* ផ្ញើពាក្យចុះឈ្មោះចូលរួមប្រកួត និងសំបុត្រដែលបានសរសេររួចតាមរយៈសេវាប្រៃសណីយ៍អនុសិដ្ឋ (Registered Mail) របស់ប្រៃសណីយ៍កម្ពុជាដោយឥតគិតថ្លៃ ឬក៏អាចប្រើប្រាស់សេវាបញ្ញើឆាប់រហ័សឯកជនមកអាសយដ្ឋាន អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ១២០២១០ យ៉ាងយូរត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។

២៖ នីតិវិធីនៃការវាយតម្លៃ

* ការជ្រើសរើសនឹងត្រូវធ្វើជា២ដំណាក់កាល៖
ដំណាក់កាលទី១៖ អត្ថបទដែលចូលរួមទាំងអស់នឹងត្រូវគណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុ ផ្អែកលើគំនិតច្នៃប្រឌិត សិល្បៈនៃការសរសេរ និងអត្ថន័យ។
ដំណាក់កាលទី២៖ ម្ចាស់អត្ថបទដែលបានពិន្ទុច្រើនជាងគេចំនួន១០ នឹងត្រូវអញ្ជើញមកធ្វើបទបង្ហាញពីអត្ថន័យនៃសំបុត្ររបស់ខ្លួននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។

* អ្នកចូលរួមត្រូវសរសេរសំបុត្រដោយខ្លួនឯងផ្ទាល់

* ខ្លឹមសារលិខិតដែលលួចចម្លងទាំងស្រុង ឬដោយផ្នែកពីអត្ថបទផ្សេង ពុំត្រូវបានវាយតម្លៃ

* សំបុត្រដែលមានកាលបរិច្ឆេទផ្ញើក្រោយថ្ងៃកំណត់ខាងលើ មិនត្រូវបានទទួលសម្រាប់ការវាយតម្លៃឡើយ។

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងកម្មវិធីប្រកួតប្រជែងនេះ សូមទាក់ទងទូរសព្ទលេខ ០២៣ ២៣៤ ៩៩៩ / ០១០ ២៦៥ ៧០០ ឬតាមរយៈអ៉ីមែល [email protected]