(ក្រចេះ)៖ លោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៣៣៣នាក់ បន្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន៣,៧៨៩នាក់ វិទ្យាល័យកន្ទួត ភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ រួមជាមួយនឹងការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជាដូសមូលដ្ឋាន និងដូសជម្រុញជូនប្រជាពលរដ្ឋ ដែលពួកគាត់ត្រូវកំណត់មកចាក់វ៉ាក់សាំង។

ការដឹកនាំដោយផ្ទាល់ពីសំណាក់ លោក ហ៊ុន ម៉ានី បានធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ អមដំណើរដោយ លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏មានការចូលរួមពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ, លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី, លោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខេត្តក្រចេះ, លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី រួមជាមួយអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ហ៊ុន ម៉ានី បានថ្លែងបញ្ជាក់ថា «ឆ្លៀតឱកាស​នេះ​ ខ្ញុំសូមអរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានសហការជាមួយអាជ្ញាធរខេត្តក្រចេះដើម្បីរៀបចំកម្មវិធីពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅខេត្តក្រចេះ ដែលជានិច្ចកាល ក្រុមការងារគ្រូពេទ្យយើងតែងតែចុះពិនិត្យព្យាបាលប្រជាពលរដ្ឋរាល់ពេលសម្រាកចុងសប្តាហ៍តាមបណ្តារាជធានីខេត្ត មិនថាជិត ឬឆ្ងាយ ដែលសរុបមកមិនតិចជាង៥៥០ ដងនោះទេ»

លោកបន្ថែមថា «ខ្ញុំពិតជាសូមកោតសរសើរ និងសូមថ្លែងអំណរគុណចំពោះ ការលះបង់ ការចែករំលែក ការខ្វល់ខ្វាយពីសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ពួកយើងទាំងអស់គ្នាមិនដែលទៅណាចោលប្រជាជនទេ។ កាលៈទេសៈកាន់តែលំបាក ពួកយើងកាន់តែនៅក្បែរជាមួយពុក ម៉ែ មា មីង បងប្អូន»

ការពិគ្រោះជំងឺរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនាថ្ងៃនេះរួមមាន៖ ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺកម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួស …។ល។

លោក លេង ផាលី បានបញ្ជាក់ថា «ក្នុងរយៈពេល១០ឆ្នាំ (ថ្ងៃទី០២ ធ្នូ ឆ្នាំ២០១២ ដល់ ថ្ងៃទី០៩ មេសា ឆ្នាំ២០២២) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានចំនួន ៥,៦៧៩នាក់ (ប្រាំពាន់ប្រាំមួយរយចិតសិបប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៣,២៣១ នាក់ (បីពាន់ពីររយសាមសិបមួយនាក់) បានចុះអប់រំផ្សព្វផ្សាយបង្កាកូវីដ-១៩ យុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្រ្គោះបឋម និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុង២៥ រាជធានី-ខេត្ត បានចំនួន៥៥២លើក មានប្រជាពលរដ្ឋចូលរួមចំនួន៥,៩២០,៦៦៧នាក់ (ប្រាំលានកៅសិបពីរម៉ឺនប្រាំមួយរយហុកសិបប្រាំពីរនាក់) ក្នុងនោះស្ត្រីមានចំនួន៣,១២៩,១២៩នាក់ (បីលានដប់ពីរម៉ឺនប្រាំបួនពាន់មួយរយម្ភៃប្រាំបួននាក់ ) ជិត១ភាគ២នៃប្រជាជនសរុបទូទាំងប្រទេសចំនួន១៥,៥៥២,២២១នាក់ (ដប់ប្រាំលានហាសិបប្រាំម៉ឺនពីរពាន់ពីររយម្ភៃមួយនាក់) ដោយសហការជាមួយ អាជ្ញាធរនៃបណ្តារាជធានី-ខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត»

បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នាថ្ងៃនេះបានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារចំនួន៖ ៧៦នាក់, ជំងឺស្ត្រីចំនួន៖ ៦៩នាក់, ជំងឺផ្លូវចិត្តចំនួន៖៨៧នាក់, ជំងឺឬសដូងបាតចំនួន៖៧៨នាក់, ជំងឺសន្លាក់ឆ្អឺងចំនួន៖ ១៦៧នាក់, ជំងឺផ្លូវដង្ហើមចំនួន៖៧៦នាក់, ជំងឺទឹកនោមផ្អែមចំនួន៖២៦៩នាក់, អេកូសាស្ត្រចំនួន៖២៩៨នាក់, ជំងឺបេះដូងចំនួន៖៣០៧នាក់, ជំងឺត្រចៀក និងបំពង់ក៖ ២៩៧នាក់, ជំងឺវះកាត់តូចចំនួន៖៤៨នាក់, វិភាគឈាម៖៤៩៦នាក់, ជំងឺទូទៅចំនួន៖៨៣៧នាក់ និងផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់ចំនួន៖ ៣៩នាក់ សង្គ្រោះបឋមចំនួន៖២៧១នាក់ ជំងឺភ្នែក២៨៧នាក់ និងសុខភាពមាត់ធ្មេញ២៨នាក់៕