(កំពង់ចាម)៖ ជាការចូលរួមចំណែកលើកកម្ពស់សុខមាលភាពជូនដល់ប្រជាពលរដ្ឋ ពិសេសអ្នកដែលរស់នៅទីជនបទឲ្យមានសុខភាពល្អនោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះស្រុកកោះសូទិន ខេត្តកំពង់ចាម និងលោកស្រី អញ្ជើញជាអធិបតីក្នុងពិធីបើកការពិនិត្យពិគ្រោះ និងព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ នាបរិវេណសាលាបឋមសិក្សា មហាខ្ញូង ឃុំមហាខ្ញូង ស្រុកកោះសូទិន។

លោក សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត លោក ខៀវ កាញារីទ្ធ បានលើកឡើងថា ក្រុមគ្រូពេទ្យដែលបានមកឃុំមហាខ្ញូង នាឱកាសនេះ ដើម្បីជួយធ្វើការពិនិត្យពិគ្រោះព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ។ សកម្មភាពការងារមនុស្សធម៌នាឱកាសនេះ សបញ្ជាក់នូវការយកចិត្តទុកដាក់គិតគូរពីសណាក់លោក ខៀវ កាញារីទ្ធ និងភរិយា លើកបញ្ហាសុខទុក្ខ សុខភាព មាលភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

សមាសភាពក្រុមគ្រូពេទ្យស័្មគ្រចិត្ត លោក ខៀវ កាញារីទ្ធ មានចំនួន៥៨នាក់ ក្នុងនេះ១៣នាក់ មានវត្តមានជាប្រចាំគឺ វេជ្ជបណ្ឌិត ទន្តបណ្ឌិត គ្រូពេទ្យ ទន្តគិលាននុបដ្ឋាក និងនិស្សិត ទន្តគិលាន ចំនួន៤នាក់។ រីឯ៤០នាក់ទៀត ជាគិលានុបដ្ឋាកយិកា ឆ្មប នៅមន្ទីរពេទ្យស្រុកកោះសូទិន មណ្ឌលសុខភាពទាំង៧ និងបុគ្គលិកការិយាល័យ សុខាភិបាលស្រុកកោះសូទិន។
សម្រាប់ថ្ងៃនេះដែរ ក៏មានគិលានុបដ្ឋាក១៥នាក់ ចូលរួមសហប្រតិបត្តិការ ដែលមកពីមណ្ឌលសុខភាពមហាខ្ញូង ព្រែកតានង់ និងកំពង់រាប ដែលស្ថិតនៅភូមិសាស្រ្តក្បែរគ្នា។

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានថ្លែងថា ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តនេះ បានបង្កើតឡើងជាង១ ឆ្នាំមកហើយ គោលដៅក្នុងមួយខែចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋម្តង ប៉ុន្តែដោយសារពេលនេះជិតដល់ឥឡូវភ្លៀង ហើយស្របពេលតម្រូវការ នៃការចាក់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ផងដែរនោះ ទើបក្រុមគ្រូពេទ្យ បានសម្រេចប្តូរមកដោយក្នុង១សប្តាហ៍២ថ្ងៃ គឺថ្ងៃសៅរ៍ និងអាទិត្យ ដោយក្នុង១ថ្ងៃ ធ្វើក្នុងមួយឃុំសម្រាប់ការពិនិត្យព្យាបាលជំងឺ ក៏ដូចជាចាក់វ៉ាក់បង្ការជំងឺកូវីដ ជូនប្រជាពលរដ្ឋ រួមទាំងកុមារផងដែរ។

លោករដ្ឋមន្រ្តី បានលើកឡើងថា បច្ចុប្បន្នជំងឺកូវីដ១៩ នៅតែមាននៅឡើយ តែជាសំណាងសម្រាប់ប្រទេសកម្ពុជា មានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ដោយមិនធ្វើឲ្យមានការស្លាប់ដោយសារជំងឺនេះច្រើននោះទេ។ តែទោះបីជាយ៉ាងណា មិនត្រូវភ្លេចថែរក្សាសុខភាព និងអនុវត្ត ៣ការពារ និង៣កុំឲ្យបានត្រឹមត្រូវដដែល។ តាមរយៈការពិនិត្យព្យាបាលជំងឺ គឺសម្រាប់តែអ្នកមានជំងឺស្រាលតែប៉ុណ្ណឹង តែធ្ងន់គឺត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ចាម តាមរយៈរថយន្តសង្គ្រោះបន្ទាន់ មន្ទីរពេទ្យបង្អែក ស្រុកកោះសូទិន ដែលជាអំណោយ លោកត្រូវបានយកមកប្រចាំការនៅទីនេះ។

ឆ្លៀតក្នុងកាសនេះ លោក ខៀវ កាញារីទ្ធ បានអរគុណដល់ក្រុមកាងារគ្រូពេទ្យ និងនិសិ្សតគិលាននុបដ្ឋាក ដែលតែងតែបានចូលរួមឈឺឆ្អាលគ្រប់ពេល ដោយស្មគ្រ័ចិត្ត ក្នុងការពិនិត្យព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ ក្នុងស្រុកកោះសូទិន។

តាមកម្មវិធីដែលក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត លោក ខៀវ កាញារីទ្ធ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងឃុំទាំង៨នៃស្រុកកោះសូទិន ដោយនៅថ្ងៃទី០៩ ខែមេសានេះ ធ្វើឡើងក្នុងឃុំមហាខ្ញូង, ថ្ងៃទី១០ នៅឃុំពង្រ, ថ្ងៃទី២៣ ឃុំព្រែកតានង់, ថ្ងៃ២៤ ឃុំកំពង់រាប។ ថ្ងៃទី៧ ខែឧសភា នៅឃុំមហាលាភ, ថ្ងៃទី៨ ឃុំល្វេ, ថ្ងៃទី១៤ ឃុំពាមប្រធ្នោះ, ថ្ងៃទី១៥ ឃុំកោះសូទិន ខេត្តកំពង់ចាម។

ប្រធានក្រុមការងារ គ្រូពេទ្យស្មគ្រ័ចិត្ត សូមថ្លែងនូវអំណរគុណចំពោះលោក ខៀវ កាញារីទ្ធ, លោកស្រីប្រធានកិត្តិយស ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងលោក លី វ៉ាន់ហុង ប្រធានក្រុមការងារចុះជួយឃុំ មហាខ្ញូង ព្រមទាំងប្រធានក្រុមការងារចុះជួយឃុំ ទាំង៧ ដែលបានជួយឧបត្តម្ភ គាំទ្រទាំងស្មារតី និងថវិកា ដល់ក្រុមគ្រូពេទ្យសម្រាប់ជាមធ្យោបាយ សម្ភារៈ និងឱសថផ្តល់ជូនអ្នកជំងឺពេលពិនិត្យរួចរាល់។ ដូច្នេះការចូលរួមទាំងនេះ ជាកម្លាំងសក្តានុពលលើកទឹកចិត្ត ឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់គ្នាកាន់តែមានឆន្ទៈ ចូលរួមកិច្ចការមនុស្សធម៌បន្តទៀត តាមការចង្អុលបង្ហាញពីលោករដ្ឋមន្ដ្រី៕