(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ម្សិលមិញ មានប្រជាពលរដ្ឋខ្មែរចំនួន១៦នាក់ វិលត្រឡប់មកពីប្រទេសថៃ ចូលតាមស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចនាំទៅយកសំណាកមុនអនុញ្ញាតឲ្យបន្ដដំណើរ។

សេចក្ដីរាយការណ៍នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ការវិលត្រឡប់របស់ពួកគាត់នេះមានពីរក្រុមផ្សេងគ្នា ដោយក្រុមទី១ ចូលនៅវេលាម៉ោង៦ល្ងាច ចំនួន៥នាក់ (ស្រី០២នាក់ កុមារ០១នាក់) ចូលមកប្រទេសកម្ពុជាតាមភូមិសាស្ត្រប៉ុស្តិ៍សង្កែ (ចំណុចក្រោយស្តង់) ពួកគាត់មានទីលំនៅក្នុងខេត្តបាត់ដំបង ចំនួន៣នាក់ និងខេត្ត កំពង់ឆ្នាំង ចំនួន២នាក់។

បន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់ជំងឺកូវីដ១៩រួច កម្លាំងប៉ុស្តិ៍សង្កែដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុក ធី នាយប៉ុស្តិ៍ សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេងកម្លាំងកងពល៥១ បានប្រគល់ពួកគាត់ជូនក្រុមគ្រូពេទ្យពិនិត្យ ធ្វើតេស្តរកមេរោគកូវីដ-១៩។

លុះវេលាម៉ោង៨យប់មានប្រជាពលរដ្ឋ ចំនួន១១នាក់ វិលត្រឡប់ពីប្រទេសថៃ តាមភូមិសាស្ត្រប៉ុស្តិ៍ស្ពានម៉ាឡៃ (ចំណុចគោលដៅអូរថ្ម) ពួកគាត់មានទីលំនៅក្នុងខេត្តបន្ទាយមានជ័យ កម្លាំងប៉ុស្ដិ៍ ស្ពានម៉ាឡៃ ចំនួន៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ថៃ ប៊ុនរ៉ុង នាយរងប៉ុស្ដិ៍ សហការជាមួយកម្លាំងយោធា (វរៈ៥១៣) បានប្រគល់ពួកគាត់ជូនក្រុមគ្រូពេទ្យពិនិត្យ ធ្វើតេស្តរកមេរោគកូវីដ-១៩។

គួរជម្រាបថា ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តបទបញ្ជាពីលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៨៩១ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ត្រូវអនុវត្តតាមបទបញ្ជាថ្នាក់លើដាក់ជូន និងទប់ស្កាត់រាល់បទល្មើសលួចឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ៕