(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលងាយរងគ្រោះ តែងទទួលបានយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមូលដ្ឋាន តួយ៉ាងនាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២នេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋជាជនចាស់ជរា គ្មានទីពឹង ជនមានពិការភាព អ្នកមានជំងឺ និងជនងាយរងគ្រោះដល់ផ្ទះក្នុងមូលដ្ឋានខណ្ឌរបស់លោក។

លោកអភិបាលខណ្ឌ ធឹម សំអាន ដែលក្នុងនាមជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកងផងនោះ បានបន្តចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋក្រីក្រដែលខ្វះខាតចំនួន៣០គ្រួសារ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោកបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនចំពោះក្រុមគ្រួសារទីទ័លក្រ និងងាយរងគ្រោះទាំងអស់ ដោយក្តីនឹករលឹកផងដែរ។

លោក ធឹម សំអាន បានគូសបញ្ជាក់ថា ជានិច្ចកាល លោកប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ចទៅដល់ប្រជាជន ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ពិសេសសម័យកូវីដ១៩នេះ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅដល់ពលរដ្ឋជានិច្ច ក្នុងគ្រាដែលប្រជាជនជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ ពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានលោកប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាក់ស្តែងដូចជានៅពេលនេះ គឺលោកប្រធានមិនបណ្តែតបណ្តោយទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀង ឬអត់អាហារនោះទេ ហើយសកម្មភាពការងារមនុស្សធម៌នេះ គឺធ្វើឡើងដោយមិនប្រកាន់បក្ខពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។

ខណៈលោកអភិបាលចុះនេះ គឺដើម្បីឃើញស្ថានភាពផ្ទាល់នៃជីវភាពពលរដ្ឋក្នុងមូលដ្ឋាន និងបានរំលឹកទៅដល់ប្រជាជនទាំងអស់នៅមូលដ្ឋានខណ្ឌបឹងកេងកង ពិសេសពលរដ្ឋចាស់ជរាគ្មានទីពឹង ជនពិការភាព នាពេលនេះ សូមឱ្យបន្តថែទាំសុខភាពជាប្រចាំ ព្រោះនៅពេលខាងមុខនេះអាកាសធាតុផ្លាស់ប្តូរធ្លាក់ខ្យល់ត្រជាក់ វាងាយនឹងរងជំងឺផ្តាសាយ និងចូលរួមអនុវត្តនូវវិធានការ ដោយបង្ការទប់ស្កាត់នៃជំងឺកូវីដ-១៩បំប្លែងថ្មី តាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះជាប្រចាំ។

ពិសេសនៅរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ លោកបានអំពាវនាវឱ្យប្រជាជនថែរក្សាសុខភាពសូមបន្ដចូលរួមអនុវត្ដនូវវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី «៣ការពារ និង ៣កុំ» គឺដើម្បីសុវត្ថិភាពដល់ពលរដ្ឋទាំងអស់គ្នាផងដែរ។

លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌ បានឱ្យដឹងថា អំណោយទាំងនេះរួមមានអង្ករចំនួន៣០គីឡូ មីចំនួន១២កញ្ចប់ ទឹកស៉ីអ៉ីវចំនួន៤ដប ត្រីខចំនួន៤កំប៉ុង៕