(ត្បូងឃ្មុំ)៖ លោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលប្រធានផ្នែកឃោសនាអប់រំយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងលោក កែវ ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាលអនុប្រធានផ្នែកឃោសនាអប់រំ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ បាននាំយកសម្ភារបរិក្ខារពេទ្យ មានសម្លៀកបំពាក់ពេទ្យការពារជំងឺកូវីដ១៩(PPE) ជាដើម ដែលជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកស្រី ពេជ ចន្ទមុន្នី ប្រគល់ជូនពេទ្យបង្អែក ស្រុកមេមត់ និងស្រុកពញាក្រែកខេត្តត្បូងឃ្មុំ សម្រាប់ប្រើប្រាស់ នៅក្នុងបេសកកម្មមនុស្សធម៌ ការពារសុខុមាលភាព និងអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ១៩ និងជំងឺផ្សេងៗបន្តទៀត។

ពិធីប្រគល់ និងទទួលអំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី បានរៀបចំធ្វើដាច់ពីគ្នា នៅតាមពេទ្យបង្អែកទាំងពីរ ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលនៃគណៈអភិបាល ស្រុក លោកប្រធានពេទ្យបង្អែកស្រុក មន្រ្តីសុខាភិបាលស្រុក និងយុវជនគណបក្សស្រុក។ ក្នុងនោះពេទ្យបង្អែកស្រុកមេមត់ ទទួលបានសម្លៀបំពាក់ (PPE) ចំនួន៤០០អាវ ម៉ាស២កេស ដែលលាងដៃចំនួន១កេស និងថវិកា។ ពេទ្យបង្អែកស្រុក ពញាក្រែក ទទួលសម្លៀកបំពាក់ពេទ្យ (PPE) ចំនួន៥០០អាវ ម៉ាស២កេស ជែលលាងដៃចំនួន១កេស និងថវិកា។

ប្រតិភូតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី បានសម្តែងការកោតសរសើរ ចំពោះពលីកម្ម ដោយមិនខ្លាចនឿយហត់និងគ្រោះថ្នាក់ របស់ក្រុមគ្រូពេទ្យជួរមុខ ដែលបានខិតខំប្រឹងប្រែង ការពារថែរក្សាសុខុមាលភាពប្រជាពលរដ្ឋ នៅក្នុងដំណាក់កាលជំងឺកូវីដ-១៩ ឆ្លងរាលដាលកន្លងមកនេះ។ លោកបានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជា បានទទួលជោគជ័យយ៉ាងធំធេងនៅលើសមរភូមិប្រយុទ្ធជាមួយសត្រូវដែលគ្មានស្រមោលនេះ។

លោកប្រធានគណៈប្រតិភូ បានលើកឡើងថានៅក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ១៩នេះ តាំងពីដំបូងទីមកម្លេះ សម្តេចតេជោ បានផ្តល់អាទិភាពបំផុតចំពោះសុវត្ថិភាពពេលបំពេញការងាររបស់ក្រុមគ្រូពេទ្យ ដែលជាកងព័ទអាវសជួរមុខ។ សម្តេចតេជោបានបញ្ជាក់ថា ការចេញទៅទប់ទល់ជាមួយជំងឺកូវីដ១៩ របស់គ្រូពេទ្យ បើគ្មានមធ្យោបាយ ការពារសុវត្ថិភាព និងធ្វើការទេ សម្តេចតេជោមិនអនុញ្ញាតឲ្យក្រុមគ្រូពេទ្យចេញទៅប្រឈមនឹងគ្រោះថ្នាក់ នោះឡើយ។ មុននឹងសម្តេចតេជោ ធ្វើការអនុញ្ញាតឲ្យក្រុមគ្រូពេទ្យចេញច្បាំងនៅក្នុងសមរភូមិនេះ ដាច់ខាតក្រុមគ្រូពេទ្យ ត្រូវតែមានឧបករណ៍ និងសម្ភារគ្រប់គ្រាន់។

លោកបានបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ដែលប្រតិភូផ្នែកឃោសនាអប់រំយុវជនគណបក្សថ្នាក់កណ្តាល បាននាំមកចែកជូនដល់មន្ទីរពេទ្យនាពេលនេះ នឹងបានចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការបន្តបេសកកម្មដ៏ថ្លៃថ្លា របស់ក្រុមគ្រូពេទ្យក្នុងការការពារសុខុមាលភាពប្រជាពលរដ្ឋតទៅទៀត។

ឆ្លៀតនៅក្នុងឱកាសនោះ ប្រតិភូផ្នែកឃោសនាអប់រំយុវជនគណបក្សថ្នាក់កណ្តាល បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់ បន្តចុះផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ ឲ្យបន្តអនុវត្តវិធានការសុខាភិបាល ពិសេសវិធានការ «៣កុំ និង៣ការពារ» ឲ្យបានខ្ជាប់ខ្ជួនជាប្រចាំពីព្រោះកូវីដ១៩ នៅតែជាបញ្ហាធ្ងន់ធ្ងររបស់ពិភពលោកនៅឡើយ ដែលយើងមិនអាចធ្វេសប្រហែសបានឡើយ។

តំណាងពេទ្យបង្អែកស្រុកពញាក្រែក និងស្រុកមេមត់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចជា ថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ និងលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុក្ខដាក់ពីសុខទុក្ខមន្ត្រីសុខាភិបាល នៅគ្រប់ពេលវេលា និងតែងតែផ្តល់ការលើកទឹកចិត្តគ្រប់បែបយ៉ាងដល់ក្រុមគ្រូពេទ្យនៅក្នុងការបំពេញភារកិច្ចបម្រើពលរដ្ឋឲ្យកាន់មានប្រសិទ្ធភាពថែមទៀត៕