(ឧត្តរមានជ័យ)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមកាងារបន្តចុះត្រួតពិនិត្យ ដំណើរការសាងសង់អគារថ្មីបន្ថែម ក្នុងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ដើម្បីជាការពង្រឹងគុណភាពនៃការផ្តល់សេវា និងធ្វើឱ្យការផ្តល់សេវាកាន់តែខិតជិត ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ការសាងសង់អគារនេះមានកំពស់២ជាន់ ទំហំ ២ ៧៥៣ម៉ែត្រការ៉េ ដែលមានសមត្ថភាពអាចទទួលជំងឺផ្នែកវះកាត់, ផ្នែកសង្គ្រោះបន្ទាន់, ផ្នែកជំងឺទូទៅមនុស្សចាស់, ផ្នែកកុមារ ផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកសម្ភពរោគស្ត្រី សរុបចំនួន ១៦៨គ្រែនេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ក្រោមជំនួយឧបត្ថម្ភពីគម្រោងលើកកំពស់គុណភាព និងសមធម៌សុខាភិបាល (HEQIP) ដោយបានប្រើថវិការ អស់ ១លាន ៧សែនដុល្លា និងគ្រោងបញ្ចប់ការសាងសង់ នៅចុងខែ ឧសភា ឆ្នាំ២០២២ខាងមុខ។

ក្នុងឱកាសចុះត្រួតពិនិត្យនេះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ក៏បានពាំនាំនូវការសួរសុខទុក្ខ និងការកោតសរសើរដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់មន្រ្តីបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ព្យាបាល និងថែទាំសុខភាពជូនប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់ និងមានភាពទទួលខុសត្រូវខ្ពស់។

លោកសាស្រ្តាចារ្យ បានផ្តាំផ្ញើដែរថា មានតែអគារ និងសំភារៈបរិក្ខាទំនើបថ្មីៗ មិនគ្រប់គ្រាន់នៅឡើយទេ សូមឱ្យមន្រ្តី បុគ្គលិកសុខាភិបាលទាំងអស់ មេត្តាខិតខំប្រឹងប្រែង បង្កើនសមត្ថភាព ចំណេះដឹង ចំណេះធ្វើ និងស្មារតីទទួលខុសត្រូវ វិជ្ជាជីវៈបន្ថែមទៀត ដើម្បីផ្តល់សេវាសុខភាពជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត៕