(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ជាបេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។

ក្នុងពិធីនេះក៏មានការចូលរួមពីលោក ឡុង ឈុនឡៃ ប្រធានគណៈកម្មាធិការ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង, លោក ស៊ុន សុវណ្ណារិទ្ធ សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្ត កំពង់ឆ្នាំង, លោក សាន់ យូ អនុប្រធានគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំង, លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមកម្ពុជា, សកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាស និកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ចំនួន ៤០២ នាក់។

ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងពីប្រវត្តិនៃការបង្កើតគណៈកម្មការ គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ដោយក្នុងឆ្នាំ១៩៩៨ គណៈចលនានេះត្រូវបានបង្កើតឡើងដោយ គណបក្សប្រជាជនកម្ពុជា ដែលមានភារកិច្ចជាសេនាធិការឲ្យគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំការងារចលនាសាសនិកឥស្លាមទូទាំងប្រទេស ក្នុងការអនុវត្តការងារបោះឆ្នោតតាមផែនការរបស់គណបក្ស។

លោក អូស្មាន ហាស្សាន់ក៏បានរំលឹកនូវសមិទ្ធផលជាច្រើនដែលសហគមន៍ឥស្លាមទទួលបានពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សាសនិកឥស្លាមមានឱកាសដើម្បីបានចូលបម្រើការងារជូនរដ្ឋ ពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន។ គ្រូបង្រៀនខ្មែរឥស្លាម ១៥០០នាក់ ត្រូវបានដាក់បញ្ចូលទៅក្នុងក្របខណ្ឌគ្រូបង្រៀន នៃក្រសួងអប់រំយុវជន និងកីឡា។ ស្ត្រីឥស្លាម អាចពាក់ហ៊ីចាប(ពាក់ក្រមាបិទបាំងសក់) ចូលសិក្សានៅគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងការបំពេញការងារនៅស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល។ល។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក៏បានផ្តល់សិទ្ធិស្លៀកពាក់បែបសាសនា សម្រាប់ការថតរូបឯកសារសំខាន់ៗ ដូចជា ថតអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ លិខិតឆ្លងដែន និងលិខិតរដ្ឋបាលផ្សេងៗតាមតម្រូវការ។

ជាមួយគ្នានោះ លោកបានជំរុញលើកទឹកចិត្តសកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ឲ្យបន្តរក្សាសាមគ្គីភាព បង្កើនសកម្មភាពផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានារបស់គណបក្ស ជំរុញការចូលរួមឲ្យកាន់តែសកម្មក្នុងសហគមន៍ខ្មែរឥស្លាមក្នុងតំបន់ ក្នុងការត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោតឃុំសង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ។
លោកសង្ឃឹមយ៉ាងមុតមាំថា សកម្មជន និងថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ នឹងបន្តខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានម្លប់សន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត៕