(ឧត្តរមានជ័យ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំប្រតិភូសាលាខេត្តកំពង់ចាម ចុះសួរសុខទុក្ខ សំណេះសំណាល និងនាំសម្ភារ ថវិកា មកប្រគល់ជូននាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ មន្ទីរ អង្គភាព ជុំវិញខេត្ត លោក អ៊ុន ចាន់ដា បានសុំការយោគយល់ អធ្យាស្រ័យពីនាយទាហាន នាយទាហានរង និងពលទាហានក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ទាំងអស់ ដែលរយៈពេល២ឆ្នាំនេះប្រតិភូសាលាខេត្តកំពង់ចាម មិនបានចុះមកសួរសុខទុក្ខដោយផ្ទាល់ ព្រោះដោយសារជំងឺកូវីដ១៩ ឆ្លងរាតត្បាតខ្លាំង។ ប៉ុន្តែទោះជាយ៉ាងរដ្ឋបាលខេត្តមិនបានព្រងើយកន្តើយនោះទេ គឺបានចែករំលែកធនធាន ទោះតិចតួចក្តី គឺក្នុងន័យចូលរួមដោះស្រាយការខ្វះខាតអង្គភាពបានមួយផ្នែកដែរ។

នៅក្នុងឱកាសនេះលោក អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក ពីសំណាក់លោក ហ៊ុន ណេង អតីតអភិបាលខេត្តកំពង់ចាម ផ្ញើជូននាយទាហាន នាយហានរង និងពលទាហានទាំងអស់ក្នុងអង្គភាពកង ពលតូចអន្តរាគមន៍លេខ៦ ពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ សូមទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ពិសេសសូមជៀសផុតពីជំងឺកូវីដ១៩។

លោកអភិបាលខេត្ត បានបញ្ជាក់យ៉ាងដូច្នេះទៀតថា វត្តមានរបស់ថ្នាក់ដឹកនាំខេត្តកំពង់ចាមនៅពេលនេះ គឺយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំឱ្យមានសម្ព័ន្ធមេត្រីភាព រវាងសមូរភូមិមុខ និងសមូរភូមិក្រោយ ហើយខេត្តកំពង់ចាម បានភ្ជាប់សម្ព័ន្ធមេត្រីភាពជាមួយកងពលតូចអន្តរាគមន៍លេខ៦ និងបានចុះកិច្ចព្រមព្រៀងតាំងពីសម័យលោក ហ៊ុន ណេង ជាអតីតអភិបាលខេត្តកំពង់ចាម ក្នុងឆ្នាំ២០១០ ហើយលោកប្តេជ្ញានឹងបន្តរក្សាប្រពៃណីដ៏ល្អផូរផង់មួយនេះឱ្យនៅគង់វង្ស ក្នុងន័យផ្សារភ្ជាប់រវាងសមូរភូមិមុខ និងសមូរភូមិក្រោយ។

អំណោយដែលនាំមកចែកជូននៅពេលនេះរួមមាន៖ នាយទាហាន នាយទាហានរង និងពលទាហានចំនួន ១,៤៤៥នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៤មុឺនរៀល ឧបត្ថម្ភទីបញ្ជាការកងពលថវិកាចំនួន ៥៧លានរៀល ត្រីខកំប៉ុងចំនួន ១០០កេស ទឹកក្រូច ១០០កេស មីចំនួន ៣០០កេស ម៉ាស់ចំនួន ៣មុឺនម៉ាស់ ចេកអំបូងលឿងចំនួន ១០០កេស និងថ្នាំពេទ្យមួយចំនួន។ ចំឡែកលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានឧបត្ថម្ភស្រាបៀរចំនួន ៨០កេសផងដែរ។

សូមបញ្ជាក់ថា អង្គភាពកងពលតូចអន្តរាគមន៍លេខ៦ មានតួនាទីឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងសមូរភូមិទិសទី២ ខេត្តឧត្តរមានជ័យ មានទីតាំងស្ថិតនៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕