(ព្រះវិហារ)៖ លោក ជា សែ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ បានជំរុញ និងណែនាំដល់ថ្នាក់ដឹកនាំសមាជិក សមាជិកាបក្សទាំងអស់ទូទាំងស្រុករវៀង ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយរបស់គណបក្ស ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីឈានទៅរកជ័យជម្នះ បន្តនាពេលខាងមុខ ជាពិសេសនៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្ណតិទី៥ ឆ្នាំ២០២២នេះ។

ការណែនាំបែបនេះរបស់លោក ជា សែ បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំអាណត្តិទី៥ និងសមាជិកគណបក្សប្រជាជនកម្ពុជា ស្រុករវៀង។ ពិធីនេះមានការចូលរួមពីប្រធាន អនុប្រធានក្រុមការងារខេត្តចុះជួយស្រុក ចុះជួយឃុំ ទូទាំងស្រុករវៀង នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២នេះ។

នៅក្នុងឱកាសនេះលោក ជា សែ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តព្រះវិហារ ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខ និងជីវភាពរស់នៅរបស់សមាជិក សមាជិកា បក្សគ្រប់ៗរូប។

លោកបានបន្តថា ការបោះឆ្នោតជ្រើសរើសបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំនៅស្រុករវៀង គឺដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ដោយបានបញ្ចូលយុវជនមួយភាគបីឈរឈ្មោះជាបេក្ខភាព តាមគោលការណ៍របស់ គណបក្សប្រជាជនកម្ពុជា។ជាពិសេសបេក្ខភាពរបស់គណបក្សប្រជាជនកម្ពុជា ជាមនុស្សមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត មានអាកប្បកិរិយាថ្លៃថ្នូរ ស្អាតស្អំ មិនរើសអើង ដោយមានការគោរពស្រឡាញ់ និងជឿជាក់ពីប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន។

ជាមួយគ្នានេះលោក ជា សែ បានជំរុញបេក្ខភាពឈរឈ្មោះទាំងអស់ ត្រូវចុះសួរសុខទុក្ខម្ចាស់ឆ្នោតតាមខ្នងផ្ទះ ដើម្បីពិនិត្យអត្តសញ្ញាណបណ្ណ កាតចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងស្ថានភាពរស់នៅរបស់សមាជិក សមាជិកាគណបក្ស ដោយធ្វើរបាយការណ៍ជាប្រចាំមកអចិន្ត្រៃយ៍គណបក្សស្រុក ព្រមទាំងជំរុញការផ្តល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋគ្រប់អាយុឱ្យទាន់ពេលវេលា ជាពិសេសការផ្តល់សេវាសាធារណៈ សំបុត្រកំណើត អាពាហ៍ពិពាហ៍សៀវភៅសារ។ល។ ធ្វើយ៉ាងណាឱ្យម្ចាស់ឆ្នោតសប្បាយចិត្ត និងជឿជាក់មកលើមេឃុំដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា។

លោក ជា សែ បានគូសបញ្ជាក់ថា ជាង៤០ឆ្នាំកន្លងមកនេះ សមិទ្ធផលទាំងឡាយមានការរីកចម្រើនលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ទឹកស្អាត អគ្គិសនី...។ល។ ដែលកើតចេញពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយមានការគាំទ្រពីម្ចាស់ឆ្នោតដែលបានបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមានសន្តិភាព និងការអភិវឌ្ឍ៕