(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២នេះ បានចេញមកអំពាវនាវជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋាន, ដូសទី៣ និងដូសទី៤ សូមរួសរាន់ទៅចាក់ឲ្យបានគ្រប់ៗគ្នា។

តាមរយៈសារអំពាវនាវលោកស្រី ឱ វណ្ណឌីន បានអះអាងថា ចាក់វ៉ាក់សាំងកូវីដ១៩ គឺជួយអាយុជីវិតមនុស្សពីការឈឺធ្ងន់ និងសេចក្ដីស្លាប់។ បើតាមលោកស្រី ឱ វណ្ណឌីន ទីតាំងដែលកំពុងដំណើរការចាក់នៅពេលនេះ គឺមានស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ពិសេសតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលកំពុងតែផ្តល់សេវាចាក់ជារៀងរាល់ថ្ងៃ។

គណៈកម្មការចំពោះកិច្ច ក៏បានបន្ថែមទីតាំងចាក់វ៉ាក់សាំងនេះទៀតផងដែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពោលចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃី១៧ ខែមេសា ឆ្នាំ២០២២ ប្រជាពលរដ្ឋក៏អាចអញ្ជើញទៅចាក់វ៉ាក់សាំងនៅតាមទីតាំងកម្សាន្ដ ឬវត្តអារ៉ាមួយចំនួន ដែលរៀបចំដោយរដ្ឋបាលរាជធានី-ខេត្តទាំង២៥។

បើទោះបីបានចាក់វ៉ាក់សាំងហើយក្ដី លោកស្រី ឱ វណ្ណឌីន នៅតែបន្ដអំពាវនាវដល់ប្រជាពលរដ្ឋបន្ដអនុវត្តវិធានការការពារ ៣ការពារ និង៣កុំជាបន្តទៀត ក្នុងជីវិតរស់នៅប្រចាំថ្ងៃ និងសូមជូនពរប្រជាពលរដ្ឋទាំងអស់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីយជាតិខ្មែរខាងមុខនេះ សូមប្រកបដោយសុវត្ថិភាព សេចក្តីសប្បាយរីករាយ ដោយមិនមានការឆ្លងកូវីដ១៩៕