(បាត់ដំបង)៖ លោក ឯក សំអូន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកសំឡូត និងសការី នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តន៍ជនជាមន្រ្តីរាជការសុីវិលនៅ ឃុំតាសាញ និងឃុំអូសំរិល ស្រុកសំឡូតខេត្តបាត់ដំបង។

ក្នុងឱកាសនោះលោក ឯក សំអូន បានផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់អតីតយុទ្ធជន និងនិវត្តន៍ជនជាមន្រ្តីរាជការស៊ីវិលសទាំងអស់ ដែលបានចូលរួមនៅក្នុងពិធីនោះ។

លោកបានបន្តថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់សុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទីទាំងអស់ ជាមួយនឹងការខឹតខំប្រឹងប្រែងអភិវឌ្ឍប្រទេសតាំងពីបាតដៃទទេ រហូតមានការរីកចម្រើនលើគ្រប់វិស័យតាំងពីទីក្រុងដល់ជនបទ។

ជាមួយគ្នានេះ លោកបានបន្ថែមថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ និងប្រជាពលរដ្ឋ មានឱកាសក្នុងការប្រកបអាជីវកម្មនានា រួមទាំងការដើរលេងកម្សាន្តដោយសេរីគ្រប់ទីកន្លែង បានដោយសារស្ថិរភាពនយោបាយ និងការរក្សាបាននូវសន្តិភាព។

បន្ថែមពីលើនេះលោក ឯក សំអូន បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលចួលរួមក្នុងពិធីនេះ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស នាំគ្នាថែរក្សាឱ្យបាន នូវសមិទ្ធិផល ដែលមាននាពេលបច្ចុប្បន្ន និងរក្សានូវសន្តិភាព ឱ្យបានគង់វង្សដើម្បីឱ្យកម្ពុជា កាន់តែមានឱកាសអភិវឌ្ឍប្រទេស ជឿនលឿន ទៅមុខទៀត និងសូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណាតទី៥ និងបោះជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យទទួលបានជោគជ័យ ដើម្បីមានឱកាសបម្រើប្រជាពលរដ្ឋ និងកសាង អភិវឌ្ឍន៍ជាតិកាន់តែរីកចម្រើនថែមទៀត។

លោក ឯក សំអូន ក៏បានជូនពរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជូនដល់អតីតយុទ្ធជន និងនិវត្តន៍ជនជាមន្រ្តីរាជការសុីវិលទាំងអស់ ឱ្យជៀសឆ្ងាយផុតពីជំងឺកូវីដ១៩ និងថ្លែងអំណគុណ ដែលប្រជាពលរដ្ឋទូទាំងប្រទេស បានគាំទ្រគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក និងបន្តគាំទ្រជាបន្តទៀត ដើម្បីទុកឱកាសឱ្យគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បន្តអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើនបន្តទៀតផងដែរ៕