(កំពង់ធំ)៖ លោក សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងដឹកនាំំ និងបម្រើសមាជិកបក្សឱ្យបានល្អ ត្រូវត្រួតពិនិត្យ និងត្រៀមនូវរាល់ឯកសារផ្សេងៗដែលបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះឱ្យបានត្រឹមត្រូវ។

ការណែនាំបែបនេះរបស់លោក សោម ស៊ុន បានធ្វើឡើងនៅក្នុងឱកាសលោកបានជួបសំណេះសំណាល និងប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួនជាមួយប្រធានក្រុមបក្ស ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំនៅពេលខាងមុខ ដោយមានអ្នកចូលរួមប្រមាណជាង៥០០នាក់ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២នេះ។

នាឱកាសនោះលោក សូត្រ អ៊ុល ប្រធានគណបក្សឃុំ បានរាយការណ៍អំពីសភាពការណ៍ទូទៅ និងបញ្ហាប្រឈមមួយចំនួនដែលកើតមានឡើងនៅក្នុងឃុំដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីបម្រើជីវភាពប្រចាំថ្ងៃជូនប្រជាជន និងបានថ្លែងអំណរគុណចំពោះលោក សោម ស៊ុន និងក្រុមការងារចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ដែលបានដឹកនាំសាងសង់ទីស្នាក់ការគណបក្សប្រជាជនឃុំ ដើម្បីមានកន្លែងសម្រាប់ធ្វើការងារ។

លោក សោម ស៊ុន បានថ្លែងអំណរគុណចំពោះក្រុមការងារថ្នាក់ខេត្តរួមជាមួយគណបក្សឃុំ សាខាបក្សភូមិ ដោយបានសហការបំពេញភារកិច្ចបម្រើប្រជាជននៅក្នុងមូលដ្ឋាននីមួយៗ បានល្អប្រសើរ និងបានប្រគល់ភារកិច្ចសំខាន់ៗ ដែលចាំបាច់មួយចំនួនជូនដល់ប្រធានក្រុមបក្ស និងក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានភូមិនីមួយៗ។

លោកក៏អំពាវនាវដល់សមាជិកគណបក្ស និងប្រជាពលរដ្ឋទាំងអស់ត្រូវក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ចូលរួមអបអរសាទរសប្បាយរីករាយតែត្រូវបន្តអនុវត្តន៍នូវវិធានការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ចូលរួមគោរពច្បាបចរាចរណ៍ និងផ្សព្វផ្សាយដល់កូនៗឱ្យចៀសឆ្ងាយពីគ្រោះថ្នាក់នៃគ្រឿងញៀន ជាដើម។

លោក សោម ស៊ុន បានណែនាំដល់សមាជិកទាំងអស់ ទៅចូលរួមបោះឆ្នោតថ្ងៃទី៥ ខែមិថុនាខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើលើគ្រប់វិស័យជានិរន្តរ៍៕