(ម៉ានីល)៖ ប្រជាជនហ្វីលពីន ០៧នាក់បានស្លាប់ និង រាប់សិបនាក់ទៀតទទួលរងរបួស បន្ទាប់ពី មានការបាញ់ប្រហារដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ កើតឡើងនៅព្រឹកព្រហាមថ្ងៃចន្ទ ទី០៩ ខែឧសភា តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីធ្វើឡើង។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia។

ប៉ូលិសស៊ើបអង្កេតបានឲ្យដឹងទៀតថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារទៅលើរថយន្ត Jeep មួយគ្រឿង និង ម៉ូតូពីរគ្រឿងទៀត នៅពេលទៀបភ្លឺថ្ងៃចន្ទនេះ នៅតំបន់ Rosario ភាគខាងត្បូង នៃរដ្ឋធានីម៉ានីល។ ចំពោះការវាយប្រហារនោះ ប៉ូលិសមិនទាន់ដឹងថាជារឿងគំនុំសងសឹក ឬ ក៏ដោយចេតនាអ្វីផ្សេងទៀតនៅឡើយទេ ព្រោះវាកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ។

យ៉ាងណាក៏ដោយ ប៉ូលិសបានអះអាងថាតំបន់ដែលរងការបាញ់ប្រហារខាងលើនេះ គឺជាតំបន់ខ្មៅ មួយដែលអាជ្ញាធរកំណត់ទុក តាំងពីមុនថ្ងៃបោះឆ្នោតមកម្ល៉េះ ព្រោះនៅក្នុងយុទ្ធនាការទាក់ទងនឹង ការរៀបចំការបោះឆ្នោត កាលពីអំឡុងដើមឆ្នាំ ២០១៦ នោះ ក៏មានមនុស្ស ១៥នាក់ដែរត្រូវបានខ្មាន់ កាំភ្លើងបាញ់សម្លាប់។

គួរបញ្ជាក់ថាសម្រាប់ថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០១៦នេះប្រជាជនហ្វីលពីន ដែលមានឈ្មោះ បោះឆ្នោតប្រមាណ ៥៤លាននាក់ បាននិងកំពុងចូលរួមបោះឆ្នោត ជ្រើសថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដែលបានចាប់ផ្តើមកាលពីវេលាម៉ោង ៦៖០០ព្រឹក នឹងគ្រោងបិទបញ្ចប់នៅម៉ោង ៥៖០០នាទីល្ងាច នៅតាមមណ្ឌលនានាទូទាំងប្រទេស ដែលមានដីកោះជាង ៧,០០០ កោះនេះ។ លទ្ធផលនឹងប្រកាសក្រោយរយៈពេល ៧២ម៉ោង៕