(កោះកុង)៖ លោក ហាក់ ឡេងអភិបាលស្រុកបុទុមសាគរ ខេត្តកោះកុង នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ បានជួបសំណេះសំណាលក្រុមប្រឹក្សាឃុំទាំង៤ឃុំ និងប្រជាការពារភូមិចំនួន៣៤ រូបព្រមទាំងផ្ដល់សំលៀកបំពាក់ប្រជាការពារចំនួន ៣៤ឈុត និងថវិកាមួយចំនួនជាអំណោយឧបត្ថម្ភរបស់ឧត្តមសេនីយ៍ មាស ប៊ុនឡី ក្រុមការងារចុះជួយស្រុកបូទុមសាគរខេត្តកោះកុង។

លោក ហាក់ ឡេង បានកោតសរសើរ បងប្អូនក្រុមប្រឹក្សាឃុំ មេឃុំ និងប្រជាការពារភូមិ ដែលបានខិតខំប្រឹងប្រែងដើម្បីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មិនថាយប់រាល់ថ្ងៃឡើយ គឺចូលរួមការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកអភិបាលស្រុក ផ្តាំផ្ញើប្រជាការពារមេភូមិ មេឃុំ ឲ្យខិតខំបំពេញការងារបន្ថែមទៀត ដើម្បីប្រជាពលរដ្ឋក្នុងភូមិឃុំកាន់តែមានសុវត្ថិភាព និងមានការអភិវឌ្ឍមានភាពរីកចម្រើន ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកអភិបាល ក៏សូមឲ្យអាជ្ញាធរគ្រប់មូលដ្ឋានរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងភូមិឋានរបស់ខ្លួន ឲ្យមានសោភ័ណភាពថែរក្សាបរិស្ថាន អនាម័យល្អ ដើម្បីអបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នឹងឈានចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយក៏សូមឱ្យបងប្អូនទាំងអស់គ្នាចូលរួមទប់ស្កាត់ការពារកូវីដ១៩ កុំឱ្យឆ្លងចូលក្នុងសហគមន៍ ដោយត្រូវអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល «៣កុំ និង៣ការពារ» ឲ្យបានខ្ជាប់ខ្ជួន៕