(បាត់ដំបង)៖ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងលោក សុខ លូ អភិបាលខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន និងអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការមួយចំនួនទៀត បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងដែលប្រចាំការនៅតាមព្រំដែនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រួមមាន៖

*កងពលតូចថ្មើជើងលេខ៥២ នៃស្រុកសំឡូត
*វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ នៃស្រុកសំឡូត
*កងការពារព្រំដែនលេខ៥០២ នៃស្រុកសំឡូត
*វរៈសេនាតូចនគរបាលការពារព្រំដែនលេខ៨២៣នៃស្រុកសំឡូត
*កងពលតូចថ្មើរជើងលេខ៥៣ នៃស្រុកកំរៀង។

ឆ្លៀតក្នុងឱកាសនោះ លោក សុខ លូ បានកោតសរសើរកងកម្លាំងការពារព្រំដែនក្នុងភូមិសាស្រ្ដខេត្ត ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការការពារព្រំដែន ការពារបូរណភាពទឹកដី និងជាពិសេស មិនត្រឹមតែមានភារកិច្ចការពារព្រំដែនតែមួយមុខទេ ក្នុងនោះក៏បានចូលរួមចំណែកក្នុងការការពារសុខសន្ដិភាពជូនប្រជាពលរដ្ឋ ការពារការលួចឆ្លងដែនខុសច្បាប់ជាដើម។

លោក សុខ លូ បានស្នើកងកម្លាំងការពារព្រំដែនទាំងអស់ បន្តគោរពតាមបទបញ្ជាដែលថ្នាក់លើបានដាក់ជូន បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងនៅក្នុងអង្គភាពរបស់ខ្លួន និងជាពិសេសបន្តហ្វឹកហាត់សមត្ថភាពរបស់ខ្លួនឲ្យកាន់
តែល្អប្រសើរឡើង និងជាពិសេសត្រូវខិតខំប្រឹងប្រែងបម្រើការពារប្រជាពលរដ្ឋ ព្រោះភារកិច្ចរបស់យើងគឺបម្រើការពារប្រជាពលរដ្ឋ មិនមែនមកបន្ថែមបន្ទុកលើពួកគាត់ឡើយ និងបន្តក្នុងការការពារព្រំដែនឲ្យបានគង់វង្ស និងរក្សាឲ្យបាននូវទឹកដីនេះ ដោយមិនត្រូវឲ្យប្រទេសណាឈ្លានពានបានឡើយ។

ក្នុងឱកាសនោះ លោក សុខ លូ ក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា៖ ភេសជ្ជៈចំនួន៣០កេស, ទឹកសុទ្ធ៥០កេស, នំអន្សមជ្រូក១ស្លឹក, សាច់ជ្រូកស្រស់ ៦០គីឡូក្រាម, បន្លែស្រស់៥០គីឡូ
ក្រាម, ម៉ាស២០ប្រអប់, អាកុល៦០លីត្រ និងថវិកា៦លានរៀល ជូនដល់កងកម្លាំងខាងលើសម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ៕