(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ បានចេញលិខិតមួយប្រាប់ដល់ គណៈវិស្វករកម្ពុជា ឱ្យណែនាំដល់វិស្វករទាំងអស់ មិនឱ្យទទួលអនុវត្តការងារសាងសង់ ឬរុះរើសំណង់ ដែលមិនទាន់មានលិខិតអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច។

ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការអនុវត្តការងារសាងសង់ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាត ជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ពីអាជ្ញាធរឬមន្ត្រីមានសមត្ថកិច្ច ជាអំពើខុសច្បាប់ ព្រោះថាការសាងសង់ដែលមិនមានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ដែលទទួល បានការយល់ព្រមពីអាជ្ញាធរឬមន្ត្រីមានសមត្ថកិច្ច អាចល្មើសនឹងបទប្បញ្ញត្តិស្តីពីធាត់ម្លាតនគរូបនីយកម្ម និងអាចប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គុណភាព សុវត្ថិភាពសំណង់ សោភណភាព ទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។

ជាមួយនឹងការបញ្ជាក់បែបនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើ អគ្គលេខាធិការគណៈវិស្វករកម្ពុជា ណែនាំវិស្វករ ដែលចុះបញ្ជីនៅគណៈវិស្វករកម្ពុជាទាំងអស់ មិនឱ្យទទួលអនុវត្តការងារសាងសង់ដែលមិនទាន់ទទួល បានលិខិតអនុញ្ញាតសាងសង់ លំខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើក ការដ្ឋានសំណង់។

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នឹងចាត់មន្ត្រីអធិការកិច្ចសំណង់ចុះត្រួតពិនិត្យបទល្មើសតាមការដ្ឋានសំណង់ ដើម្បីចាត់វិធានការចំពោះជនល្មើសតាមផ្លូវច្បាប់ជាធរមានផងដែរ៕