(ភ្នំពេញ)៖ អង្គការសុខុមាលភាពសត្វពិភពលោក FOUR PAWS ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដោយមានការសហការណ៍ជាមួយក្រុមការងារ Green G8 នឹងរៀបចំទិវាសត្វ ចិញ្ចឹមអន្តរជាតិ នៅក្នុងសួនសង្ឃឹម ខេត្តសៀមរាប នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ ជាមួយនឹងការសង្ឃឹមយ៉ាងមុតមាំថានឹងមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

លោក Kyle Kao ទីប្រឹក្សាររបស់យុទ្ធនាការសត្វចិញ្ចឹម FOUR PAWS បានឱ្យដឹងថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងប្រទេសកម្ពុជាជាលើកដំបូងដើម្បីរំលឹកថា សត្វចិញ្ចឹមជាពិសេសសត្វសុនខ គួរតែត្រូវបានការពារពីភាពសាហាវឃោរឃៅទាំងអស់ ហើយក៏ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ ដែលមានចំពោះសត្វចិញ្ចឹមផងដែរ ហើយការជួញដូរសាច់ឆ្កែ មិនមែនជាអ្វីដែលយើងចង់បាននោះទេ ហើយក៏មិនមែនជាប្រពៃណីរបស់យើងដែរ។

កម្មវិធីនៅសួនសង្ឃឹមនេះ នឹងមានផ្តល់ជួនការចូលរួមដោយសេរី ព្រមទាំងផ្តល់នៅឱកាសឱ្យបានជួបជាមួយនឹងសត្វសុនខដ៏គួរឱ្យស្រលាញ់ ដែលត្រូវបានជួយសង្គ្រោះ ពីការជួញដូរសាច់សុនខផងដែរ មិនតែប៉ុណ្ណោះពួកគេកំពុងតែរង់ចាំម្ចាស់ជាទីស្រលាញ់ទទួលពួកគេទៅចិញ្ចឹមទៀតផង ចូលរួមលេងល្បែងដើម្បីមានឱកាសឈ្នះនូវរង្វាន់ ព្រមទាំងបានសិក្សាយល់កាន់តែច្បាស់ជាមួយនឹងទំនួលខុសត្រូវក្នុងនាមជាម្ចាស់សត្វសុនខថែមទៀត។ ក្រុមការងារក៏មានផ្តល់សេវាឡាន ក្រុងពីទីរួមខេត្តសៀមរាប ពេលព្រឹក និងពេលរសៀលដោយមិនគិតថ្លៃ ដោយអ្នកចូលរួមអាចទំនាក់ទនងបានតាមរយៈទូរស័ព្ទលេខ 088-388-2848។

លោក Kyle Kao បានបន្តថា បន្ទាប់ពីព្រឹត្តិការណ៍អបអរសាទរនេះហើយ ក៏មានព្រឹត្តិការណ៍ពិព័រណ៍សត្វចិញ្ចឹមរយៈពេល ៣ថ្ងៃថែមទៀត ដែលនឹងមានធ្វើឡើង នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៦ ឧសភា រហូតដល់ថ្ងៃ៨ ឧសភា ឆ្នាំ២០២២ ដែលបានរៀបចំដោយក្រុមការងារ Green G8 និងឧបត្ថម្ភផ្តាច់មុខដោយ FOUR PAWS និង Royal Canin។ ពិព័រណ៍សត្វចិញ្ចឹមនេះបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ជាវិជ្ជមានបន្ថែមទៀតទៅដល់សត្វចិញ្ចឹមនៅប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិត Karanvir Kukreja អ្នកដឹកនាំយុទ្ធនាការសត្វចិញ្ចឹមប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ អង្កការ FOUR PAWS បានឱ្យដឹងដែរថា នៅជុំវិញពិភពលោក រួមទាំងនៅអាស៊ីអាគ្នេយ៍ មនុស្សកាន់តែច្រើនឡើងដែលយល់ស្របថាសត្វសុនខគឺជាមិត្តភ័ក្តរបស់មនុស្ស។ ការជួញដូរសាច់ឆ្កែក៏បង្កហានិភ័យសុខភាពយ៉ាងច្រើនផងដែរ មិនថាតាមរយៈជំងឺដែលមានស្រាប់ដូចជា ជំងឺឆ្កែឆ្កួត ឬក៏ជំងឺថ្មីៗដទៃទៀតតាមរយៈទិដ្ឋភាពក្នុងការជួញដូរដ៏ឃោឃៅ។ តាមរយៈឯកសារស្រាវជ្រាវរបស់យើង ឃើញថា ប្រជាជនកម្ពុជាភាគច្រើន មិនបរិភោគសាច់ឆ្កែ ហើយប្រជាជនកម្ពុជារាប់ពាន់នាក់ទៀតក៏បានប្រឆាំងនិងជំនួញសាច់ឆ្កែ ហើយការជួញដូរសាច់ឆ្កែគួតែដល់ពេល ដែលត្រូវបញ្ចប់ហើយ។

សូមបញ្ជាក់ថា ទិវាសត្វចិញ្ចឹមអន្តរជាតិនេះ បង្កើតឡើងដើម្បីអបអរសាទរ និងរំលឹកពីក្តីស្រលាញ់របស់សត្វចិញ្ចឹមមកកាន់ជីវិតរបស់យើង ព្រមទាំងជំរុញលើកទឹកចិត្តឱ្យអ្នករាល់គ្នាទទួលសត្វទៅចិញ្ចឹម សត្វសុនខ និងសត្វចិញ្ចឹមផ្សេងទៀត ដែលបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ម្ចាស់ និងសង្គម ដោយជួយដល់សុខុមាលភាព និងសុខសុវត្ថិភាពរបស់មនុស្សផងដែរ៕