(កំពង់ចាម)៖ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស អតីតសាលាមធ្យមសិក្សាកំរិត១កោះសូទិន ឆ្នាំ១៩៨៦-១៩៩០ បានរៀបចំពិធីជួបជំុ សំណេះសំណាលគ្នាជាលើកទី២ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ក្រោយមានអាក់ខានរយៈពេល២ឆ្នាំ ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។

ការធ្វើពិធីជួបជុំរវាងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស អតីតសាលាមធ្យមសិក្សាកំរិត១កោះសូទិន លើកទី១ គឺនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីបានបែកគ្នាអស់រយៈពេលជាង២០ឆ្នាំ។ ការជួបជុំគ្នាឡើងវិញរបស់អតីតសិស្សសាលាមធ្យមសិក្សាកំរិត១កោះសូទិននេះ គឺតាមរយៈការបង្កើតគ្រុបឆាតតាមបណ្តាញទំនាក់ទំនងសង្គមហ្វេក ទើបធ្វើឲ្យយើងបានជួបជុំគ្នាឡើងវិញនាថ្ងៃនេះ។

លោក សោម សេរី អតីតនាយកសាលាមធ្យមសិក្សាកំរិត១កោះសូទិន ដែលបច្ចុប្បន្នបានចូលនិវត្តន៍ ជំនួសមុខឲ្យលោកគ្រូ អ្នកគ្រូទាំងអស់ បានថ្លែងដោយក្តីរំភើបសប្បាយរីករាយ ចំពោះទឹកចិត្តរបស់អតីតសិស្សសាលាមធ្យមសិក្សាឆ្នាំ១៩៨៦-១៩៩០ ដែលបានរៀបចំពិធីនេះឡើង ពិសេសសម្ដែងឲ្យឃើញពីដឹងគុណចំពោះលោកគ្រូ អ្នកគ្រូ យើងដែលបានចូលនិវត្តន៍ និងមានវ័យចាស់ជរាទៅហើយ។

ដោយឡែកលោក និន វ៉ាយ៉ុន អតីតនាយករងសាលាមធ្យមសិក្សាកំរិត១កោះសូទិន បានបញ្ជាក់ថា កាលនៅរៀនលោកគ្រូ អ្នកគ្រូ នៅទីនេះ បានផ្តល់នូវចំណេះដឹងតិចតួចទេ តែប្អូនៗខ្លះបានបន្តយកចំណេះដឹងនៅមហាវិទ្យាល័យ សកលវិទ្យាល័យបន្ថែមទៀត រហូតទទួលជោគជ័យ ដោយខ្លះបានបម្រើការងារឯកជន និងខ្លះទៀតបានបម្រើការរដ្ឋរៀងៗខ្លួន។

លោក មាស យ៉ត លោក ហ៊ាន រដ្ឋា និលោកស្រី ស៊ាម សុខា ដែលជាអតីតសិស្សាសាលាមធ្យមសិក្សាកំរិត១កោះសូទិន តំណាងឲ្យអតីតសិស្សរួមថ្នាក់ រួមជំនាន់ទាំងអស់ បានថ្លែងដោយក្តីសោមនស្សក្រៃលែងចំពោះមិត្តអតីតសិស្ស ដែលបានរួមគ្នារៀបចំពិធីដឹងគុណគ្រូនេះឡើង និងសូមគោរពដឹងគុណសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលបានជួយកសាងសាលានេះឡើង។

ក្នុងនាមអតីតសិស្សសាលាមធ្យមសិក្សាកំរិត១កោះសូទិនទាំងអស់ សូមថ្លែងនូវការដឹងគុណចំពោះអតីតលោកមេឃុំកោះសូទិន គណៈកម្មការសាលា លោកគ្រូ អ្នកគ្រូ មួយចំនួនដែលបានចែកឋានទៅហើយនោះ សូមវិញ្ញាណក្ខន្ធលោកទាំងអស់ បានដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមគោរពជូនពរលោកគ្រូ អ្នកគ្រូ នៅទីនេះ មានសុខភាពល្អ អាយុយុឺនយូរតរៀងទៅ។

សូមបញ្ជាក់ថា កម្មវិធីរំលឹកគុណគ្រូដែលបានធ្វើឡើងនាឱកាសនេះ គឺបានចូលរួមថវិកាពីអតីតមិត្តសិស្សសាលាមធ្យមសិក្សាកំរិត១កោះសូទិន ទៅតាមលទ្ធភាពរៀងៗខ្លួន។ ថវិកាដែលទទួលបាន គឺមួយផ្នែកបានជូនដល់លោកគ្រូ អ្នកគ្រូ ជាការដឹងគុណ មួយផ្នែកទៀត ចាត់ចែងទៅលើកម្មវិធីពិសារអាហារសាមគ្គី និងមួយផ្នែកទៀតចាត់លើការងារកសាងសាលាបន្ត ហើយក៏សូមអរគុណដល់មិត្តភ័ក្រ ដែលបានចូលរួមជាថវិកាក្នុងការចាក់សាបនៅក្នុងបរិវេណសាលានេះផងដែរ៕