(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន តំណាងលោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូននាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពវរសេនាតូចលេខ៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ ដែលកំពុងឈរជើងការពារ ទឹកដី តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃសមូរភូមិទិសទី១ ប្រាសាទព្រះវិហារ ជាអង្គភាពសម្ព័ន្ធមេត្រីភាព នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី0៧ ខែមេសា ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីលោក ផាន់ និមិត្ត ជាក្រុមការងារខុទ្ធការល័យសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំកងពលធំ អន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៨ ក៏ដូចជាលោកមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរងជាច្រើនរូបទៀត។

ក្នុងនាមលោក ហូ សិទ្ធី នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ពនិងក្រុមគ្រួសារ។

នាយឧត្តមសេនីយ៍ គីម ប៊ុនថាន ក៏បានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខផងដែរ ពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំអគ្គបញ្ជាការ ថ្នាក់ដឹកនាំកងទ័ពជើងគោក ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃវរសេនាតូចលេខ៣៨៥ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះផងដែរ។

នាយឧត្តមសេនីយ៍ គីម ប៊ុនថាន ក៏បានថ្លែងអំណរគុណចំពោះលោក ហូ សិទ្ធី ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពវរសេនាតូចលេខ៣៨៥ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាទៀង ក្នុង១ឆ្នាំ៣ដង គឺបុណ្យ៧មករា បុណ្យចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌ។ បន្ថែមពីនេះនាយឧត្តមសេនីយ៍ គីម ប៊ុនថាន ក៏បានថ្លែងអរគុណដល់នាយទាហាន នាយទាហានរងទាំអស់ ដែលបានប្រកាសគាំទ្របេក្ខភាពបន្តវេនរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់អនាគត។

ក្នុងនាមលោក ហូ សិទ្ធី នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងអំណរគុណដល់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ អ្នកឧកញ៉ា ពង្ស ឃាវសែ អគ្គនាយកធានាគារកាណាឌីយ៉ា និងភូមិវប្បធម៍សៀមរាប ក៏ដូចជាលោក អ៊ូច ឌីណា លោក ហាក់ ចាន់រឿន លោក ឡុញ ហ៊ាល និងលោក តាំង ស៊ុយជា ដែលបានចូលរួមជាមួយខុទ្ទកាល័យសម្តេចតេជោ ឧបត្ថម្ភថវិកា និងសម្ភារជូនដល់កងទ័ពដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព។

អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ រូបនេះក៏បានណែនាំដល់កងទ័ពទាំងអស់ ត្រូវការពារឱ្យបានដាច់ខាតនូវសុខសន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន ខំប្រឹងរកបានទាំងលំបាកឱ្យនៅស្ថិតស្ថេរ គង់វង្ស យូរអង្វែង ដើម្បីឱ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍន៍ថែមទៀត និងបានណែនាំដល់កងទ័ពអង្គភាពវរសេនាតូច លេខ៣៨៥ ត្រូវយកចិត្តទុកដាក់គិតគូរអំពីលេណដ្ឋាន អាវុធ យុទ្ធភ័ណ្ឌទាំងអស់ ដោយសាររដូវនេះជារដូវប្រាំង ហើយត្រូវបន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាព ឱ្យបានល្អ ពិសេសខិតខំរក្សាទំនាក់ទំនងល្អជាមួយកម្លាំងមិត្តប្រទេសជិតខាង ដើម្បីឱ្យព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍។

សូមបញ្ជាក់ដែរថា អំណោយដែលនាំមកចែកជូន នាយទាហាន នាយទាហានរង និងពលទាហាន ចំនួន២៩៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១៦ម៉ឺននរៀល ឧបត្ថម្ភអង្គភាពវរសេនាតូចលេខ៣៨៥ចំនួន ០០០ដុល្លា និងថ្នាំពេទ្យផ្សេងៗមួយចំនួនទៀតផងដែរ៕