(តាកែវ)៖ នៅក្នុងឱកាសទទួលជួបសំណេះសំណាលជាមួយ ប្រតិភូខេត្តអានយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញមកជូនពរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំខេត្តតាកែវ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ លោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ បានស្នើដល់អាជ្ញាធខេត្តអានយ៉ាង ជួយសម្រប់សម្រួលដល់ការចេញចូលទៅកាន់ខេត្តអានយ៉ាង របស់ប្រជាពលរដ្ឋកម្ពុជា ដែលទៅរៀបចំពិធីបុណ្យទាននៅប្រទេសវៀតណាម។

លោក ម៉ឹង វុធី បានបន្ដទៀតថា រាល់ពិធីបុណ្យភ្ជុំ បុណ្យចូលឆ្នាំប្រពៃណីជាតិ ប្រជាពលរដ្ឋខ្មែរដែលមានសាច់ញាតិនៅប្រទេសវៀតណាម តែងតែធ្វើដំណើរទៅប្រទេសវៀតណាមដើម្បីរៀបចំពិធីបុណ្យទានតាមបែបសាសនា ប៉ុន្តែការចេញចូលទៅកាន់ប្រទេសវៀតណាម កន្លងមកជួបនូវបញ្ហាប្រឈមមួយចំនួននៅតាមច្រកព្រំដែន ដូច្នោះសូមអាជ្ញាធវៀតណាមជួយសម្របសម្រួលដល់ការធ្វើដំណើរនេះ។

បន្ថែមពីនេះ លោកក៏បានជំរុញដល់ភាគីវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែប្រសើរថែមទៀត ដើម្បីឲ្យព្រំដែនប្រទេសទាំងពីរ ពិសេសព្រំដែនខេត្តតាកែវ និងខេត្តអានយ៉ាង ក្លាយជាបន្ទាត់ព្រំដែនសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ជាការឆ្លើយតបលោក ង្វៀន ទៀកហ៊ុង សមាជិកអចិន្ត្រៃយ៍បក្សខេត្តអានយ៉ាង និងជាប្រធានរណសិរ្សខេត្តអានយ៉ាង បានយល់ស្របទៅនឹងការលើកឡើងរបស់ភាគីកម្ពុជា ហើយសន្យាខិតខំជំរុញកិច្ចសហប្រិតបត្តិការ តាមបន្ទាត់ព្រំដែនប្រទេសទាំងពីរឲ្យកាន់តែប្រសើរថែមទៀត។

ពាក់ព័ន្ធទៅនឹងការចេញចូលទៅធ្វើបុណ្យទានរបស់ប្រជាពលរដ្ឋខ្មែរ អាជ្ញាធខេត្តអានយ៉ាង នឹងយកបញ្ហានេះទៅពិភាក្សាជាមួយថ្នាក់ដឹកនាំ រួចនឹងជូនដំណឹងត្រលប់មកភាគីកម្ពុជានៅពេលក្រោយ៕