(កោះកុង)៖ ប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយលោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ អមដំណើរដោយលោក អ៊ុក ភ័ក្ដ្រា អភិបាលរងខេត្ដកោះកុង និងមន្ដ្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ បានចុះពិនិត្យសិក្សាទីតាំងជាក់ស្តែងលើករណីស្នើ សុំវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ផ្សាភ្ជាប់នឹងធម្មជាតិខ្នាតតូច ចំនួន៥គម្រោង ស្ថិតក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងភូមិសាស្ដ្រ ឃុំជំនាប់ ស្រុកថ្មបាំង។

ដើម្បីជំរុញឲ្យគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនេះ ប្រព្រឹត្តិទៅដោយភាពល្អប្រសើរ រដ្ឋបាលខេត្តបានស្នើសុំចំណុចមួយចំនួន ទៅកាន់វិនិយោគទទួលបានការអនុញ្ញាតជាគោលការណ៍ពីក្រសួងបរិស្ថាន ដូចខាងក្រោម៖

*ទី១៖ ក្រុមហ៊ុនត្រូវអនុវត្តការងារឲ្យស្របនឹងនីតិវិធី និងគោលការណ៍ណែនាំនានា ពីក្រសួងបរិស្ថាន និងត្រូវរៀបចំឲ្យមានផែនការមេឲ្យបានច្បាស់លាស់ និងអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ឲ្យបានសមស្របតាមផែនការ

*ទី២៖ ក្រុមហ៊ុនត្រូវសិក្សាផលប៉ះពាល់ នៃគម្រោងឲ្យបានច្បាស់លាស់ ពិសេសលើផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ
*ទី៣៖ សូមផ្តល់កិច្ចសហការឲ្យបានជិតស្និត និងល្អប្រសើរជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការដោះស្រាយបញ្ហាប្រឈមនានាជាយថាហេតុ

*ទី៤៖ សូមចូលរួមការលើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋាន តាមរយៈការផ្តល់ឱកាសការងារ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព៕